×

អបអរសាទរ! មន្ទីរពេទ្យគន្ធបុប្ជាធ្វើការវះ កាត់ទារកអាយុ ២ថ្ងៃដែលកើតមកមានដៃជើង ៤បានដោយជោគជ័យ


បាត់ដំបង៖ យោងតាមការចែករំលែកតាមរយៈគណនី Dr. Beat Richner ពីការទទួលបានជោគជ័យលើការវះកាត់មួយទៀតហើយចំពោះទារកអាយុ ២ថ្ងៃម្នាក់មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយពីកំណើតមាន អវៈយវៈលើ ៤ (ដៃ) អវៈយវៈក្រោម៤(ជើង) (Parasitic twin or Conjoined twin) form heteropagus, acephalus and acardius) និងមានរន្ធគូទត្បៀតជិត(Anal imperforation)។

ទារកនេះបានចូលសម្រាកព្យាបាលនៅផ្នែកសង្គ្រោះទារក (NICU) ហើយត្រូវបានវះកាត់ដោយគ្រូពេទ្យឯកទេសវះកាត់ នៃមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា លោកវេជ្ជបណ្ឌិតឯកទេស ប៉ុនឡាឌីន និង លោកវេជ្ជបណ្ឌិតឯកទេស អៀន សារិន។ ទារករូបនេះ បានឆ្លងការវះកាត់៤លើក ដោយជោគជ័យដោយការវះកាត់លើកទី១គឺ ការវះកាត់យកអវៈយវៈលើ១គូ (ដៃ)ចេញ។

សម្រាប់ការវះកាត់លើកទី២ គឺការវះកាត់ដោយចោះពោះវៀនធំដើម្បីឱ្យទារកបន្ទោបង់លាមកតាមចង្កេះ(colostomy)បណ្តោះអាសន្ន។ ការវះកាត់លើកទី៣គឺ ការវះកាត់យកអវៈយវៈក្រោម១គូ (ជើង)ចេញ។ ការវះកាត់លើកទី៤គឺការវះកាត់យកឆ្អឹង pubis ដែលខូចទម្រង់ពីកំណើតចេញ។

ក្រោយការព្យាបាលដោយវះកាត់ទាំង៤លើក ទារកមានសុខភាពល្អ មានការលូតលាស់ និងធំធាត់ប្រក្រតី ដោយមានការជួយសង្គ្រោះដ៏ល្អ និងមានប្រសិទ្ធភាពពីក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកសង្គ្រោះទារក (NICU)។

គួរបញ្ជាក់ដែរថា នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទារករូបនេះ បានចេញទៅផ្ទះដោយស្នាមញញឹមជាមួយឪពុកម្តាយដោយមានការណាត់ជួបគ្រូពេទ្យវះកាត់នៅ ៣ខែក្រោយ ដើម្បីបិទពោះវៀនវិញ និងជួសជុលរន្ធគូទ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង