
តារាកិត្តិយសល្បីៗប្រចាំប្រទេសកម្ពុជាដែលជាអាយដលរបស់បងប្អូន នឹងមកជួបជុំគ្នានៅក្នុងកម្មវិធីប្រកួតធ្វើម្ហូប Chef Race By IZE របស់ស្ថានីយទូរទស្សន៍ CTN នាថ្ងៃសៅរ៍ខាងមុខនេះ ដោយពួកគាត់បានត្រៀមមកបង្ហាញនូវភាពច្នៃប្រតិដ្ឋខ្ពស់សម្រាប់ការចម្អិនម្ហូបយ៉ាងពិសេស នៅក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញដើម្បីក្លាយជាម្ចាស់ជ័យលាភីប្រចាំសប្ដាហ៍។

សម្រាប់ការប្រកួតនៅក្នុងសប្ដាហ៍ទី៩នេះ តារាកិត្តិយសដែលនឹងត្រូវចូលខ្លួនមកកាន់សង្វៀនធ្វើម្ហូបរបស់ Chef Race by IZE មានចំនួន ៣ រូប ពោលគឺលោក ម៉ា ចាន់បញ្ញា លោក នរភាល័យ និងកញ្ញា អឿន រ៉ូហ្សា។ ប្រិយមិត្តច្បាស់ជាបានស្គាល់កញ្ញា រ៉ូហ្សា ដែលជាតួឯកនៅក្នុងរឿងភាគខ្មែរ “ទេពធីតាព្កុលមាស” ដែលសម្ដែងជាតួអង្គ ព្កុលមាសធំ ដោយទទួលការពេញចិត្តជាខ្លាំងពីសំណាក់មហាជន កាលពីឆ្នាំ២០២០។
ប្រិយមិត្តប្រាកដជាចង់ដឹងច្បាស់ហើយថា តើតារាសម្ដែងស្រីដ៏មានទេព្យកោសល្យរូបនេះ នឹងមានអ្វីមកបង្ហាញជូនបងប្អូននៅក្នុងកម្មវិធី Chef Race by IZE នៅថ្ងៃសៅរ៍ខាងមុខនេះ? កញ្ញា រ៉ូហ្សា នឹងចាប់ដៃគូជាមួយនឹង Chef វ៉េង គឹមសួរ ដើម្បីប្រកួតតំណាងឱ្យក្រុម EXPREZ ទល់នឹងក្រុម CAMBODIA របស់លោក ម៉ា ចាន់បញ្ញា ដែលត្រូវសហការជាមួយ Chef លៀន ឆ្លុញ និងក្រុម IZE ដែលមានសមាសភាពរបស់លោក នរភាល័យ និង Chef ចាន់ ផល្លា ។
បើក្រឡេកទៅប្រុសសង្ហា ម៉ា ចាន់បញ្ញា វិញ នៅក្នុងសប្ដាហ៍នេះគាត់បានទទួលកិត្តិយសដ៏ធំមួយ ដោយសារត្រូវមានភារកិច្ចនៅក្នុងការការពារតំណែងជ័យលាភីលេខ១សម្រាប់ក្រុម CAMBODIA ដែលបានឈ្នះចំនួន ៦សប្ដាហ៍មកហើយ។ ចំណែកឯលោក នរភាល័យ ឯណេះវិញ បានប្ដេជ្ញាស្វែងរកជ័យលាភីលេខ១ ជាលើកទីពីរសម្រាប់ក្រុម IZE នៅក្នុងការប្រកួតធ្វើម្ហូបរបស់ Chef Race by IZE ក្នុងសប្ដាហ៍ទី៩។
ចាំមើលថាតើប្រុសស្អាតទាំងពីរ អាចដណ្ដើមម៉ូយឈ្នះកញ្ញា រ៉ូហ្សា បានដែរឬទេ? ដូច្នេះ មានតែរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN និងទំព័រហ្វេសប៊ុកផ្លូវការ Chef Race by IZE នាថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ចាប់ពីម៉ោង ១១ ព្រឹកដល់ ១២ថ្ងៃត្រង់៕


