ការប្រកួតប្រជែងនៅក្នុងកម្មវិធី Chef Race by IZE សប្តាហ៍នេះ កាន់តែពិសេសបន្ថែមទៀតហើយ ដោយតារាកិត្តិយសចំនួន ៣ រូប ដែលធ្លាប់តែសម្ដែងជាមួយគ្នាក្នុងខ្សែភាពយន្តរបស់ស្ថានីយទូរទស្សន៍ CTN កញ្ញា សាឡាត់ ស្រីឡាង លោក លឹម ជាឡាយ និងលោក ជា សុវណ្ណនរា នឹងត្រូវតតាំងគ្នានៅក្នុងសង្វៀនចម្អិនម្ហូបដ៏អស្ចារ្យមួយនេះ ដើម្បីដណ្ដើមយកជ័យលាភីលេខ១ប្រចាំសប្ដាហ៍ទី១១។
ប្រិយមិត្តរបស់ CTN ប្រាកដជានៅចាំ ដោយកញ្ញា ស្រីឡាង និងលោក ជា ឡាយ ធ្លាប់សម្ដែងនៅក្នុងរឿងភាគខ្មែរដ៏ល្បីរបស់ CTN ពិសេសរឿង “គូស្នេហ៍បម្រុង” ។ មិនត្រឹមតែប៉ុណ្ណោះ តារាទាំងពីរដួងក៏ជាមិត្តរួមអាជីពដ៏ល្អនឹងគ្នាផងដែរ។ ប៉ុន្តែពេលនេះ ពួកគាត់មិនមែនជាដៃគូគ្នាទៀតទេ ដោយពួកគាត់នឹងប្រកួតគ្នានៅក្នុងសង្វៀនម្ហូបរបស់ Chef Race by IZE នាបរិវេណសួនច្បារ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយ ស្រីឡាង តំណាងឱ្យក្រុម IZE, លោក ជាឡាយ នៅក្រុម CAMBODIA និងលោក នរា ប្រកួតប្រជែងសម្រាប់ក្រុម EXPREZ ។
ការប្រកួតនេះនឹងមានភាពស្វិតស្វាញដោយក្រុម CAMBODIA បច្ចុប្បន្ននាំមុខគេដោយឈ្នះ៨លើកក្នុងរយៈពេល១០សប្តាហ៍កន្លងទៅ។ ទោះបីជាយ៉ាងណាក៏ដោយ ទាំងក្រុម IZE និងក្រុម EXPREZ បានបង្ហាញឱ្យឃើញថា ពួកគេមិនអាចមើលស្រាលបានឡើយ ដោយម្នាក់ៗសុទ្ធតែប្ដេជ្ញាដណ្ដើមយកជ័យជម្នះរៀងៗខ្លួន។
កញ្ញា ស្រីឡាង នឹងចាប់ដៃគូជាមួយ Chef រឿង ចាន់រ៉ា, លោក ជាឡាយ ត្រៀមសហការជាមួយ Chef ពូន អូនតូច ហើយលោក នរា ពួតដៃជាមួយ Chef ពេជ្រ សុជាតិ ។ តើក្រុមណានឹងឈ្នះក្នុងសប្តាហ៍នេះ? តារាកិត្តិយស និង Chef ទាំង៦រូប បានត្រៀមរួចជាស្រេចដើម្បីបង្ហាញពីជំនាញធ្វើម្ហូប និងភាពច្នៃប្រតិដ្ឋរបស់ពួកគាត់ ដើម្បីធ្វើឱ្យមុខម្ហូបនីមួយៗគួរឱ្យទាក់ទាញសម្រាប់អ្នកទិញ។
កម្មវិធី Chef Race by IZE សប្ដាហ៍ទី១១ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងទំព័រហ្វេសប៊ុកផ្លូវការ Chef Race by IZE នាថ្ងៃសៅរ៍ ទី២ ខែធ្នូ ចាប់ពីម៉ោង ១១ព្រឹកដល់ ១២ថ្ងៃត្រង់។ ដូច្នេះ សូមរង់ចាំទស្សនាកុំបីខាន!