កូរ៉េខាងត្បូង៖ ក្នុងចំណោមសមាជិក ៤នាក់ក្នុងក្រុម Blackpink ស្រីស្អាត Jennie គឺសមាជិកម្នាក់ដែលរងពាក្យរិះគន់ច្រើនជាងគេដោយភាគច្រើន ក្រុមអ្នករិះគន់នាងមានការមិនពេញចិត្តដោយសារតារាស្រីរូបនេះនិយមស្លៀកពាក់ស៊ិចស៊ីខ្លាំងពេក។
ការវាយប្រហារនេះបានកើតឡើងម្តងហើយម្តងទៀតរហូតមកដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ នេះ Jennie ត្រូវបានរងពាក្យរិះគន់សាជាថ្មីដោយគ្រាន់តែនាងថតរូប និងប្រារព្ធថ្ងៃកំណើតឱ្យ Lee Joo Hyung ដែលត្រូវបានមនុស្សទាំងក្នុង និងក្រៅសិល្បៈដឹងថាអ្នកទាំង ២ជាមិត្តល្អនឹងគ្នា។
នៅថ្ងៃកំណើតរបស់តារាសម្តែង Lee Joo Hyung អ្នកទាំង ២បានទៅដើរកម្សាន្តនៅ ម៉ល មួយកន្លែងដែលក្នុងគ្រានោះ Jennie បានថតរូប និងបានផុសនៅក្នុង Story រហូតទទួលបានការចាប់អារម្មណ៍ និងប្រតិកម្មភ្លាមៗពីអ្នកគាំទ្រ ក៏ដូចជាក្រុមអ្នកមិនចូលចិត្តនាង។
ក្រុមអ្នកមិនចូលចិត្ត Jennie បានបញ្ចេញមតិថា ប្រសិននេះជាគូស្នេហ៍របស់ខ្ញុំវិញ ខ្ញុំប្រាកដជាមិនសប្បាយចិត្តឡើយ។ តើ Jennie និង V បានបែកគ្នាហើយ ឬ យ៉ាងណា? ទន្ទឹមនឹងមានមតិប្រតិកម្មជាមួយទង្វើស្និទ្ធស្នាលរវាង Jennie និង តារាប្រុសត្រកូល Lee នេះ ធ្វើឱ្យអ្នកគាំទ្រតារាស្រីកំពុងមានប្រជាប្រិយភាពនេះនាំគ្នាចេញមកការពារតារាក្នុងដួងចិត្តខ្លួនថា “តើនៅក្នុងប្រទេសកូរ៉េមនុស្សស្រី និងមនុស្សប្រុសមិនអាចរាប់អានគ្នាជាមិត្តបានទេ?
ចំពោះទំនាក់ទំនងពួកគេទាំង ២ក៏មិនមានភាពអាថ៌កំបាំងនៅក្នុងវិស័យសិល្បៈឡើយ ដូចនេះគួរតែឈប់បញ្ចេញមតិបំពុលបែបនេះទៅ។ គួរបញ្ជាក់ដែរថា ក្នុងចំណោមសមាជិកទាំង ៤របស់ក្រុម BLACKPINK តារាស្រី Jennie តែងរងពាក្យរិះគន់ជាមួយសម្តីអសុរសពីក្រុមអ្នកមិនចូលចិត្តនាងច្រើនសន្ធឹក ជាហេតុធ្វើឱ្យអ្នកគាំទ្រអាណិតនាងជាខ្លាំងផងដែរ៕