×

ប្លែកទៀតហើយ! តារាជើងចាស់ជើងថ្មីនឹងមកជួបជុំគ្នាដើម្បីប្រកួតធ្វើម្ហូបនៅក្នុងកម្មវិធី Chef Race by IZE សប្ដាហ៍ទី១២

ការប្រកួតធ្វើម្ហូបដ៏ស្វិតស្វាញរបស់កម្មវិធី Chef Race by IZE កាន់តែពិសេសថែមទៀតហើយនៅថ្ងៃសៅរ៍នេះដែលត្រូវជាសប្ដាហ៍ទី១២ ខណៈតារាកិត្តិយស ដែលអញ្ជើញមកចូលរួមប្រកួតដើម្បីដណ្ដើមជ័យលាភីលេខ១ សុទ្ធតែមានកេរ្តិ៍ឈ្មោះល្បីល្បាញប្រចាំប្រទេសកម្ពុជា ដើម្បីធ្វើឱ្យបរិយាកាសរបស់កម្មវិធីទាំងមូលកាន់តែមានភាពសប្បាយរីករាយបន្ថែមមួយកម្រិតទៀត។

លោក ទេព រិនដារ៉ូ តារាសម្ដែងជើងចាស់ដែលតែងតែដើរតួជាឪពុកនៅក្នុងខ្សែភាពយន្តបែបកំប្លែង និងមនោសញ្ចេតនាស្នេហាចាក់ស្រេះ ព្រមទាំងមានកេរ្តិ៍ឈ្មោះបោះសំឡេងរាប់ទសវត្សរ៍មកហើយនោះ នឹងប្រកួតតំណាងឱ្យក្រុម CAMBODIA ។ គាត់នឹងត្រូវប្រកួតជាមួយក្រុម IZE របស់អ្នកនាង ឌី សូនីតា ដែលជាតារាសម្ដែង និងជាអ្នកម្ដាយម្នាក់ដែលមានចំណង់ចំណូលចិត្តក្នុងការចម្អិនម្ហូប។ លើសពីនេះ លោក លី ប៊ែរ ដែលជាតារាសម្ដែងដ៏មានទេពកោសល្យនិងចូលប្រឡូកក្នុងសិល្បៈជិត១០ឆ្នាំ នឹងបង្ហាញជំនាញធ្វើម្ហូបរបស់គាត់សម្រាប់ក្រុម EXPREZ ។

សម្រាប់សប្ដាហ៍នេះ ចុងភៅចំណានៗដែលមានវត្តមានក្នុងកម្មវិធី Chef Race by IZE ដើម្បីជួយដល់តារាកិត្តិយសទាំង៣ដួង រួមមានលោក ប៊ុន ថុលី លោក ណាម ធីល័ក្ខណ៍ និងលោក កែវ មុន្នីរ័ត្ន ដែលសុទ្ធសឹងតែមានបទពិសោធយូរឆ្នាំក្នុងវិស័យម្ហូបអាហារ។

ជាមួយនឹងប្រវត្តិប្រកួតកន្លងមកដែលក្រុម CAMBODIA ធ្លាប់ទទួលបានជ័យជម្នះ ៨ដង ក្រុម EXPREZ ធ្លាប់ឈ្នះ ២ ដង ហើយក្រុម IZE ឈ្នះ ១ ដង ការប្រកួតប្រជែងនៅសប្ដាហ៍នេះ នឹងកាន់តែខ្លាំងក្លាជាងពេលណាៗទាំងអស់។ ទស្សនិកជន កំពុងរង់ចាំយ៉ាងអន្ទះសា ថាតើក្រុមណានឹងឈ្នះក្នុងសប្ដាហ៍ទី១២នេះ?

Chef Race by IZE នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ហើយនឹងមានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Chef Race by IZE នៅថ្ងៃសៅរ៍ ទី៩ ខែធ្នូ ចាប់ពីម៉ោង ១១ ព្រឹក ដល់ ១២ ថ្ងៃត្រង់។ ដូច្នេះសូមរង់ចាំទស្សនាកុំបីខាន!

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង