
ដំណឹងដ៏គួរឱ្យរំភើបសម្រាប់អ្នកចូលចិត្តការធ្វើម្ហូបនៅក្នុងប្រទេសកម្ពុជា ដោយកម្មវិធីប្រកួតធ្វើម្ហូបដ៏ពេញនិយមនៅលើពិភពលោក MasterChef CAMBODIA របស់ស្ថានីយទូរទស្សន៍ CTN គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ។
ការប្រកាសនេះត្រូវបានធ្វើឡើងដោយផលិតករនៃកម្មវិធី MasterChef CAMBODIA ដែលបានសម្តែងនូវសេចក្ដីសោមនស្សរីករាយ ក្នុងការនាំមកនូវការប្រកួតធ្វើម្ហូបដ៏ល្បីល្បាញមកលើវេទិកាដ៏រស់រវើក និងចម្រុះតែមួយគត់នៅក្នុងប្រទេសកម្ពុជា។
កម្មវិធីដែលទទួលបានការគាំទ្រយ៉ាងច្រើននៅទូទាំងពិភពលោកនេះ នឹងផ្តល់ជូននូវវេទិកាសម្រាប់អ្នកចម្អិនម្ហូបដែលមានទេពកោសល្យ ដើម្បីបង្ហាញពីស្នាដៃ ជំនាញ និងភាពច្នៃប្រតិដ្ឋរបស់ពួកគេ ដើម្បីដណ្តើមយកពានរង្វាន់ម្ចាស់ជើងឯក MasterChef CAMBODIA។
កម្មវិធីនេះ នឹងអនុវត្តតាមស្ដង់ដារបស់ MasterChef ដែលបេក្ខជនចូលរួមប្រកួតប្រជែង នឹងត្រូវឆ្លងកាត់ការជ្រើសរើសដោយយកចិត្តទុកដាក់តាំងពីពេលដាក់ពាក្យចូលរួមរហូតដល់ការប្រកួតជាច្រើនដំណាក់កាល ដើម្បីបញ្ចេញសមត្ថភាពធ្វើម្ហូប ភាពច្នៃប្រតិដ្ឋ និងចំណង់ចំណូលចិត្តចំពោះអាហាររបស់ពួកគេ។
បេក្ខជននីមួយៗ នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដោយគ្មានការលាក់លៀម ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ចុងភៅឯករបស់កម្មវិធី MasterChef CAMBODIA ដែលសមាសភាពរបស់ពួកគាត់នឹងត្រូវប្រកាសនៅពេលបន្ទាប់ ប៉ុន្តែធានាថា ពួកគាត់សុទ្ធតែជាបុគ្គលដែលមានភាពលេចធ្លោនៅក្នុងវិស័យម្ហូបអាហារ ដោយពាំនាំមកនូវជំនាញ និងការដាក់ពិន្ទុប្រកបដោយសុក្រឹតភាពមកកាន់វេទិកា។
ការប្រកាសរបស់ MasterChef CAMBODIA បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមអ្នកចូលចិត្តវិស័យម្ហូបអាហារក្នុងប្រទេសកម្ពុជា ដោយមនុស្សជាច្រើនចង់ឃើញនូវមុខម្ហូបចម្រុះ និងរសជាតិនៃម្ហូបខ្មែរ នៅក្នុងកម្មវិធីនេះ។
សូមរង់ចាំតាមដានព័ត៌មានថ្មីៗ នៅពេលដែលក្រុមការងារ MasterChef CAMBODIA បាននិងកំពុងត្រៀមលក្ខណៈយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធ្វើឱ្យរដូវកាលទី៣នេះ កាន់តែអស្ចារ្យនិងជក់ចិត្តសម្រាប់ជាចំណីចក្ខុដ៏ពិសេសរបស់ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN នាឆ្នាំ២០២៤ខាងមុខនេះ៕
