![]()
តៃវ៉ាន់៖ ចាប់តាំងពីថ្ងៃដែល Zhao Wei មានបញ្ហារហូតត្រូវបានហាមឃាត់លើសកម្មភាពក្នុងសិល្បៈ ក៏ដូចជាមុខជំនួញរបស់នាងមក។ ការរស់នៅរបស់នាងក៏មានភាពសំងាត់ផងដែរ ទោះជាយ៉ាងណាអ្នកគាំទ្រអតីតតួអង្គ ព្រះនាងត្រចៀកកាំ រូបនេះនៅតែចង់ដឹងសុខទុក្ខរបស់នាង ជាហេតុធ្វើឱ្យសារព័ត៌មានតាមប្រមាញ់ជីវិតឯកជនរបស់នាងគិតមកទល់ពេលនាងមានរយៈពេលជាង ២ឆ្នាំមកហើយ។

ក្រៅពីមានបញ្ហាជំនួញ និងប៉ះពាល់ដល់វិស័យសិល្បៈហើយនោះ សារព័ត៌មាន Sohu បានចុះផ្សាយឱ្យដឹងថា Zhao Wei និងស្វាមីរបស់នាងកំពុងរៀបចំឯកសារលែងលះគ្នា ចំណែកឯកូនស្រីត្រូវបានសម្រេចឱ្យខាងស្វាមីនាងមានសិទ្ធិជាមេបា។ ខណៈពេលកំពុងផ្ទុះព័ត៌មានចចាមអារ៉ាមថានាង និងស្វាមីលែងលះគ្នាហើយ សារព័ត៌មាន ifeng បានចុះផ្សាយថា នាងកំពុងមានទំនាក់ទំនងជាមួយបុរសវ័យក្មេងម្នាក់ដែលជារឿយៗឃើញបុរសម្នាក់នោះទៅទទួលនាងនៅព្រលានយន្តហោះ។

យ៉ាងណាមិញ ដោយសារកាលពីខែតុលា កន្លងទៅដោយសារឃើញវត្តមានរបស់នាងចូលរួមក្នុងពិធីបុណ្យសពរបស់ឪពុកក្មេងរបស់នាងទើបធ្វើឱ្យពាក្យចចាមអារ៉ាមទាំងប៉ុន្មានត្រូវបានអ្នកគាំទ្រនាងច្រានចោលជំនួសទាំងអស់។ ផ្ទុយទៅវិញ មានមតិមួយចំនួនបានលើកឡើងថា ដោយសារដំណើរការលែងលះមិនទាន់ចប់សព្វគ្រប់ទើប Zhao Wei នៅតែមានឈ្មោះជាកូនប្រសារនៃគ្រួសារខាងស្វាមីរបស់នាង និងអាចមានវត្តមានក្នុងពិធីបុណ្តសពឪពុកក្មេកនាងបែបនេះ។

គ្រប់យ៉ាងមិនមានការបកស្រាយអ្វីទាំងអស់ ប៉ុន្តែបើក្រឡេកទៅចាប់អារម្មណ៍ការរស់នៅរបស់នាងវិញក៏មានពាក្យចចាមអារ៉ាមមួយទៀតផ្ទុះឡើងថា បច្ចុប្បន្នអតីតតារាស្រីរូបនេះបានផ្លាស់ទៅរស់នៅស្រុកកំណើតរបស់នាងវិញហើយ ខណៈសារព័ត៌មាន Sohu បានស៊ើបដឹងថា Zhao Wei មិនបានផ្លាស់ទៅរស់នៅស្រុកកំណើតអ្វីឡើយ ប៉ុន្តែនាងបានទៅរស់នៅក្រៅប្រទេស និងពេលទំនេរនាងហោះទៅប្រទេសចិនដើម្បីសួរសុខទុក្ខគ្រួសារ ក៏ដូចជាធ្វើដំណើរកម្សាន្ត។
ទាក់ទិននឹងពាក្យចចាមអារ៉ាមទាំងនេះ ងាកទៅចាប់អារម្មណ៍ការចែករំលែករបស់ប្អូនប្រុសអតីតតារាស្រីរូបនេះកាលពីខែកញ្ញា បានបង្ហោះរូបបងស្រីខ្លួនដោយក្តីរំភើបបន្ទាប់ពីរស់នៅឆ្ងាយគ្នាអស់មួយរយៈពេលធំ ដោយលោកបានសរសើរបងស្រីខ្លួនថានៅតែស្អាត និងមានសុខភាពល្អ។

បន្ថែមពីនេះទៀតសោត តាមការចុះផ្សាយរបស់សារព័ត៌មាន QQ បានឱ្យដឹងថា ទ្រព្យសម្បត្តិដែលធ្លាប់រកបានពីមុខជំនួញកន្លងមកធ្វើឱ្យ Zhao Wei អាចរស់ស្រួលដោយគ្មានការបារម្ភ ហើយបច្ចុប្បន្ននាងកំពុងព្យាយាមតាំងសមាធិ និងយល់ដឹងបន្ថែមក្នុងពុទ្ធសាសនាដើម្បីស្វែងរកសេចក្តីសុខផ្លូវចិត្តឱ្យខ្លួន៕