×

MasterChef Cambodia រដូវកាលទី៣បញ្ចេញ Trailer ដំបូង មកដល់ក្នុងពេលឆាប់ៗនេះ (មានវីដេអូ)

ក្ដីរំភើបកំពុងកើតឡើងសម្រាប់ហ្វេនៗរបស់កម្មវិធី MasterChef Cambodia ខណៈការប្រកួតធ្វើម្ហូបលំដាប់ពិភពលោកដ៏ធំរដូវកាលទី៣ដែលប្រិយមិត្តបានរង់ចាំជាយូរ បានចេញ Trailer ដំបូងរបស់ខ្លួន កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។ កម្មវិធីប្រកួតប្រជែងធ្វើម្ហូបដ៏ពេញនិយមមួយនេះ បានឆក់យកបេះដូងរបស់ទស្សនិកជនជុំវិញពិភពលោក ព្រមទាំងប្រិយមិត្តនៅក្នុងប្រទេសកម្ពុជា ដែលកំពុងរង់ចាំយ៉ាងអន្ទះសា ចំពោះការត្រលប់មកវិញលើកនេះផងដែរ។

MasterChef Cambodia បានក្លាយជាទីកន្លែងដែលផ្ដល់ការបំផុសគំនិតក្នុងការចម្អិនម្ហូប និងការកម្សាន្តដល់ទស្សនិកជន ជាមួយនឹងការបង្ហាញពីអាហារដ៏គួរឱ្យចង់ទទួលទាន វប្បធម៌ដ៏សម្បូរបែប និងអ្នកមានទេពកោសល្យខាងចម្អិនម្ហូប។ កម្មវិធីនេះ មិនត្រឹមតែបង្ហាញពីរសជាតិដ៏សម្បូរបែប និងចម្រុះនៃមុខម្ហូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវវេទិកាសម្រាប់អ្នកមានថ្វីដៃក្នុងផ្ទះបាយ ដែលប្រាថ្នាចង់បន្តក្តីស្រមៃរបស់ពួកគេ និងអាចបង្ហាញពីទេពកោសល្យរបស់ពួកគេនៅក្នុងការប្រកួតលំដាប់ពិភពលោកផងដែរ។

ការចេញ Trailer ទី១ បានផ្ដល់នូវក្ដីរំភើបពីសំណាក់អ្នកគាំទ្រ ដែលចង់ដឹងពីថ្ងៃចាក់ផ្សាយកម្មវិធី MasterChef Cambodia រដូវកាលទី៣ជាផ្លូវការ។ ក្នុងការត្រលប់មកវិញរបស់កម្មវិធីនេះ ទស្សនិកជន នឹងបានតាមដានសាច់រឿងដ៏គួរឱ្យជក់ចិត្ត ជំនាញធ្វើម្ហូបដ៏អស្ចារ្យ និងមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់របស់បេក្ខជននីមួយៗ។

ត្រៀមខ្លួនទទួលយកនូវការកម្សាន្តពីការប្រកួតដ៏ស្វិតស្វាញពីមួយដំណាក់កាលទៅមួយដំណាក់កាលជាមួយកម្មវិធី MasterChef Cambodia រដូវកាលទី៣។ ផ្ទាំងទស្សនីយភាពដែលពុំអាចបំភ្លេចបាននេះ នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង