
បុគ្គលិកនៃក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយកម្ពុជា CBS បានជួបជុំគ្នានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ និងការប្រារព្ធពិធីប្រគល់ពានរង្វាន់កោតសរសើរ នៅស្ទូឌីយោ Camwood របស់ CBS ។ ព្រឹត្តិការណ៍ ដែលមានការចូលរួមពីបុគ្គលិកជាង ២០០ នាក់នេះ បានផ្តោតលើការទទួលស្គាល់នូវការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តរបស់បុគ្គលិកគ្រប់ផ្នែក ឆ្លុះបញ្ចាំងពីសមិទ្ធផលកាលពីឆ្នាំមុន និងការដាក់គោលដៅប្រកបដោយសុទិដ្ឋិនិយមសម្រាប់ឆ្នាំថ្មី។

ពានរង្វាន់កោតសរសើរដ៏ពិសេសទាំងនេះ ត្រូវបានប្រគល់ជូនដល់បុគ្គលិកដែលបាននិងកំពុងបំពេញការងារនៅក្រុមហ៊ុន CBS អស់រយៈពេលពី ៥ ឆ្នាំ, ១០ ឆ្នាំ រហូតដល់ ២០ ឆ្នាំ។
លោក David Ulmer នាយកប្រតិបត្តិនៃក្រុមហ៊ុន CBS បានធ្វើបទបង្ហាញអំពីផែនការវឌ្ឍនភាពរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំខាងមុខនេះ ដោយបានសង្កត់ធ្ងន់លើការកោតសរសើរចំពោះបុគ្គលិកគ្រប់រូប។ លោកបានមានប្រសាសន៍ថា៖ “ថ្ងៃនេះ មិនមែនគ្រាន់តែជាការប្រារព្ធខួប ២០ឆ្នាំរបស់ក្រុមហ៊ុន CBS ឬសមិទ្ធផលរបស់ពួកយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការទទួលស្គាល់នូវការខិតខំប្រឹងប្រែង ការរីកចម្រើន និងសហគមន៍ដ៏រឹងមាំដែលពួកយើងបានកសាងជាមួយគ្នា”។ សារស្ដីពីការរួបរួមគ្នា និងការខិតខំប្រឹងប្រែងជាធ្លុងមួយរបស់លោកនាយកប្រតិបត្តិ ត្រូវបានទទួលការសាទរយ៉ាងកក់ក្ដៅពីសំណាក់បុគ្គលិកគ្រប់រូប។
ដូចដែលគណៈគ្រប់គ្រងបង្ហាញក្នុងជំនួបនេះ វាមានន័យថា CBS គឺលើសពីកន្លែងធ្វើការមួយទៅទៀត។ ទីនេះ គឺជាគ្រួសារមួយ ដែលបុគ្គលិកគ្រប់រូបធ្វើការដើម្បីសម្រេចគោលដៅតែមួយ និងការប្តេជ្ញាចិត្តចំពោះការច្នៃប្រឌិតថ្មី ដើម្បីជាវិថីដ៏ត្រឹមត្រូវមួយឆ្ពោះទៅរកភាពជោគជ័យសម្រាប់ឆ្នាំ២០២៤៕
