![]()

ភ្នំពេញ៖ ធ្លាប់តែឃើញ ហេង បូនីកា សម្តែង និងឡើងលើឆាកប្រកួតបវរកញ្ញាបានធ្វើឱ្យអ្នកគាំទ្រលាន់មាត់ពីសមត្ថភាពតារាស្រីរូបនេះមិនតិចឡើយ។ ប៉ុន្តែបើឱ្យ បូនីកា ធ្វើម្ហូបឱ្យញ៉ាំវិញអាចនឹងពិបាកបន្តិចដោយតារាស្រីរូបនេះសារភាពត្រង់ៗថានាងមិនធ្លាប់ធ្វើម្ហូបឡើយដូចនេះវាពិតជាពិបាកសម្រាប់នាង។

ទោះជាយ៉ាងណា ដោយសារចង់បញ្ចេញស្នាដៃខ្លះផងនោះ ជាមួយកម្មវិធី “Chef Race by IZE” ដែលជាកម្មវិធីប្រកួតធ្វើម្ហូប ក្នុងនោះត្រូវបានបែងចែកជា ៣ក្រុមដោយក្នុងមួយក្រុមមានសិល្បករម្នាក់ និងចុងភៅម្នាក់។
អ្វីដែលធ្វើឱ្យគ្រប់គ្នាលាន់មាត់សរសើរស្រីស្អាតរូបនេះខ្លាំងនោះគឺ ទោះបីជាមិនចេះធ្វើម្ហូបក៏ពិតមែន ប៉ុន្តែទីផ្សារដែលតារាស្រីរូបនេះបានផ្សព្វផ្សាយពិតជាបានទាក់ទាញភ្ញៀវឱ្យដើរសំដៅមករកតូបរបស់នាងដើម្បីភ្លក់រសជាតិម្ហូបដោយមិនមានការបង្ខិតបង្ខំ។

ជាមួយនឹងទីផ្សារប្រកាសក្តែងៗថា សម្រាប់ភ្ញៀវស្រីៗដែលបានជួយទិញម្ហូបពីខាងក្រុមរបស់នាងនឹងផ្តល់ការថើបជូនឥតគិតថ្លៃ ជាក់ស្តែងយុទ្ធសាស្ត្រធ្វើទីផ្សាររបស់ ហេង បូនីកា បានធ្វើឱ្យក្រុមរបស់នាងដែលមានឈ្មោះ “IZE” អាចដណ្តើមបានជ័យលាភីពិតមែន។

អ្វីដែលធ្វើឱ្យតារាស្រីរូបនេះកាន់តែរំភើបដែរនោះ ថវិកាដែលលក់ម្ហូបបាននោះនឹងត្រូវបរិច្ចាគជូនដល់មូនិធីសប្បុរសដែលនេះជាចំណែកមួយដែលនាងអាចធ្វើបុណ្យបានផងដែរ។ គួរបញ្ជាក់ដែរថា កម្មវិធី “Chef Race by IZE” នឹងមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីវេលាម៉ោង ១១-១២ ថ្ងៃត្រង់នៅលើផេក “Chef Race by IZE” ដូចនេះកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាថាតើ សិល្បកររូបណានឹងមានវត្តមានប្រកួតធ្វើម្ហូប និងក្រុមណាដែលមានសមត្ថភាពអាចយកឈ្នះបានជាបន្តនៅសប្តាហ៍នេះ៕
