
ការវិលត្រឡប់មកវិញរបស់កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក MasterChef Cambodia បានធ្វើឱ្យប្រិយមិត្តមានការអន្ទះសានៅមិនសុខបក់មិនល្ហើយដោយចង់ដឹងពីកាលបរិច្ឆេទនៃការចាក់ផ្សាយជាផ្លូវការ ខណៈអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់កម្មវិធីជាច្រើន បាននាំគ្នាចែករំលែកនូវ Trailer ទីមួយរបស់ MasterChef Cambodia រដូវកាលទី៣ ដែលបានចេញផ្សាយនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន។
នៅក្នុងចំណោមមហាជនដែលបង្ហាញពីការត្រេកអរចំពោះការវិលត្រឡប់មួយនេះ យើងសង្កេតឃើញវត្តមានរបស់ម្ចាស់ពានរង្វាន់ចុងភៅឯក MasterChef កាលពីរដូវកាលទី១ និងរដូវកាលទី២ ក៏បានចូលរួមចែករំលែកនូវដំណឹងដ៏ល្អមួយនេះទៅកាន់អ្នកតាមដានរបស់ពួកគាត់នៅលើបណ្ដាញសង្គមផងដែរ។
លោក យូ ថនដារ៉ា ម្ចាស់ពានរង្វាន់ MasterChef រដូវកាលទី១ បានរំឭកពីអនុស្សារីយ៍ដែលពុំអាចបំភ្លេចបាន កាលពីរូបលោកបានចូលរួមប្រកួតនៅក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ។
លោក ដារ៉ា បានបង្ហាញចំណាប់អារម្មណ៍ថា៖ “អនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន MasterChef រដូវកាលទី១ ហើយ MasterChef Cambodia រដូវកាលទី៣ ជិតចាប់ផ្ដើមហើយ…!!!”។

ក្រឡេកទៅម្ចាស់ជ័យលាភីរដូវកាលទី២វិញ គឺកញ្ញា ប៉ិច ស្រីណុច បានបង្ហាញក្ដីរំភើបចំពោះកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដោយមានបំណងបង្ហាញបទពិសោធរបស់កញ្ញាក្នុងការចូលរួមប្រកួតកម្មវិធីដ៏ធំមួយនេះទៅកាន់បងប្អូនដែលមានបំណងដាក់ពាក្យប្រកួតប្រជែង។
កញ្ញា ស្រី ណុច បានឱ្យដឹងថា៖ “Master Chef ជិតវិលត្រលប់មកវិញហើយ តើមានអ្នកចាប់អារម្មណ៍ចូលរួមប្រកួតទេ? ថ្ងៃណាមួយខ្ញុំនឹងឡាយចែករំលែក អំពីបទពិសោធ របស់ខ្ញុំក្នុងការប្រកួត ខ្ញុំសង្ឃឹមថា ការចែករំលែកមួយនេះអាចជាប្រយោជន៍ដល់អ្នក ដែលមានបំណងចង់ក្លាយជាបេក្ខភាព ក្នុងកម្មវិធីធ្វើម្ហូបលំដាប់ពិភពលោកមួយនេះ”។

កម្មវិធី MasterChef Cambodia រដូវកាលទី៣ នឹងវិលត្រឡប់មកកាន់ស្ថានីយទូរទស្សន៍ CTN នៅដើមឆ្នាំ២០២៤ខាងមុខនេះ។ ដូច្នេះនៅមិនយូរទៀតទេ ប្រិយមិត្តនៅក្នុងប្រទេសកម្ពុជា នឹងអាចទស្សនាកម្មវិធីដ៏ជក់ចិត្តនេះសាជាថ្មី!