
កូរ៉េខាងត្បូង៖ កាលពីអំឡុងពេល ២ខែមុន រឿងអាស្រូវ G-Dragon ប្រើប្រាស់ថ្នាំញៀនបានផ្ទុះសុះសាយដោយសារព័ត៌មាន JTBC ជាអ្នកប្រកូកប្រកាស។ យ៉ាងណាមិញ ដើម្បីលាងឈ្មោះបញ្ជាក់ភាពស្អាតស្អំ G-Dragon មិនបង្អង់យូរក្នុងការបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសឡើយ ដែលជាក់ស្តែងលទ្ធផលទទួលបានគឺអវិជ្ជមាន។

រហូតមកដល់ថ្ងៃទី២១ ខែធ្នូ ព្រឹកមិញលោក Yang Won Bo ដែលជាអ្នកគ្រប់គ្រងព័ត៌មានអាស្រូវរបស់ G-Dragon ទីបំផុតបានចេញមុខសុំទោសតារាប្រុសរូបនេះ និងអ្នកគាំទ្រជាសាធារណៈ។ គួរបញ្ជាក់ដែរថា ខណៈពេលដែលរឿងអាស្រូវត្រូវបានបញ្ចប់ G-Dragon ក៏បានចុះកុងត្រានៅទ្រនំថ្មី Galaxy Corporation បានដោយជោគជ័យផងដែរ។
សម្រាប់នាយកប្រតិបត្តិរបស់ Galaxy Corporation លោក Jo Sung Hae បានប្រកាសថា លោកទុកពេល ១សប្តាហ៍ដើម្បីលុបរាល់ព័ត៌មានបំប៉ោងថា G-Dragon ប្រើប្រាស់ថ្នាំញៀនដោយកំណត់ត្រឹមថ្ងៃទី ២៨ ខែធ្នូ។ លោកបានបញ្ជាក់ថានឹងចាត់វិធានការតាមផ្លូវច្បាប់ដើម្បីការពារកេរ្តិ៍ឈ្មោះដល់ G-Dragon រាល់ព័ត៌មានអាស្រូវមិនពិតទាំងនេះ៕