
ជាតារាដែលមានថ្វីមាត់នៅក្នុងការនិយាយលេងសើច និងមានសំឡេងដ៏ទាក់ទាញនៅលើឆាកប្រគំតន្ត្រី តែនៅថ្ងៃសៅរ៍សប្ដាហ៍នេះ លោក អ៊ីណូ នឹងជួបរបស់ពិតហើយដោយត្រូវប៉ះជាមួយលោក វង្ស តារារតនា និងកញ្ញា សុវត្ថិឌី ធារិកា ប្រជែងគ្នាបញ្ចេញថ្វីមាត់ដើម្បីទាក់ទាញម៉ូយនៅក្នុងការប្រកួតធ្វើម្ហូបដ៏ស្វិតស្វាញរបស់កម្មវិធី Chef Race by IZE វិញម្ដង។

ការប្រកួតដែលធ្វើឡើងនៅផ្សារទំនើបជីបម៉ុង 271 Mega Mall នឹងផ្ដល់ជូននូវភាពសប្បាយរីករាយដល់ប្រិយមិត្តរបស់ CTN ពិសេសបងប្អូនដែលជាហ្វេនៗរបស់កម្មវិធី Chef Race by IZE តែម្ដង។ បងប្អូននឹងបានឃើញពីការព្យាយាមរបស់ក្រុមនីមួយៗ នៅក្នុងការដើរផ្សារទំនើបដើម្បីទិញបន្លែត្រីសាច់ និងគ្រឿងផ្សំសម្រាប់ចម្អិនម្ហូប រហូតដល់វគ្គដែលតារាកិត្តិយសទាំង៣រូប ត្រូវបញ្ចេញថ្វីមាត់នៅក្នុងការអំពាវនាវដើម្បីទាក់ទាញម៉ូញ ឱ្យចូលទិញម្ហូបនៅក្នុងផ្ទះបាយចល័តដ៏ស្រស់ស្អាតរបស់ពួកគាត់។
ជាមួយនឹងវត្តមានរបស់តារាចម្រៀងដែលពោរពេញដោយវេហាសព្ទ ដូចជា លោក អ៊ីណូ និងលោក វង្ស តារារតនា ប្រិយមិត្តរបស់ Chef Race by IZE ប្រាកដជាផ្ទុះសំណើចជាក់ជាពុំខាន។ ប្រិយមិត្តប្រហែលជាចង់ដឹងចង់ឃើញហើយថា តារាកិត្តិយសទាំង៣មានបច្ចេកទេសក្នុងការធ្វើម្ហូបកម្រិតណា ខណៈកម្មវិធី ក៏តម្រូវឱ្យអ្នកទាំង៣ ចាប់ដៃគូជាមួយ Chef ដ៏ចំណានចំនួន ៣រូបផងដែរ។

ពិតមែនហើយ ចុងភៅទាំង៣ គឺ Chef មឿន ដែលចាប់ដៃគូជាមួយលោក វង្ស តារារតនា នៅក្រុម CAMBODIA, Chef ស៊ុម ប៉ាវប៉ាវ សហការជាមួយកញ្ញា សុវត្ថិឌី ធារិកា នៅក្រុម IZE ហើយ Chef សុខ បុណ្យព្រះជន្ម គឺជាដៃគូរបស់លោក អ៊ីណូ នៅក្នុងក្រុម EXPREZ ។
ប្រិយមិត្តគួរដឹងផងដែរ គឺ ១៣សប្ដាហ៍កន្លងមក ក្រុម CAMBODIA នៅតែបន្តរក្សាកំណត់ត្រារបស់ខ្លួន ដោយធ្លាប់ឈ្នះ ៨ ដង ខណៈ ក្រុម EXPREZ ធ្លាប់ឈ្នះ ៣ ដង ហើយក្រុម IZE ទើបតែទទួលបានជ័យជម្នះជាលើកទី២របស់ខ្លួន កាលពីសប្ដាហ៍ទី១៣កន្លងទៅ។
ចង់ដឹងថា តើរវាងក្រុមទាំង៣ ក្រុមមួយណានឹងទទួលបានជ័យជម្នះពីកម្មវិធី Chef Race by IZE ក្នុងសប្ដាហ៍ទី១៤នេះ? ចម្លើយនឹងត្រូវបានបង្ហាញនៅថ្ងៃសៅរ៍សប្ដាហ៍នេះ។
កុំភ្លេចរង់ចាំទស្សនាកម្មវិធី Chef Race by IZE នៅលើកញ្ចក់ទូរទស្សន៍ CTN និងទំព័រហ្វេសប៊ុកផ្លូវការ Chef Race by IZE នាថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ចាប់ពីម៉ោង ១១ព្រឹកតទៅ!



