![]()
ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃពិធីការិនីក្រមិចក្រមើម សុភ័ក្រ កុសុមៈ កាន់តែមមាញឹកជាមួយការងារកាន់តែច្រើន ជាហេតុធ្វើឱ្យតារាស្រីរូបនេះរកពេលសម្រាកគ្មាន។ ទាំងនេះក៏បានធ្វើឱ្យចំណូលនាងហូរចូលដូចទឹកផងដែរ និងជាសំណាងដែលមានជំនួយការផ្ទាល់ខ្លួនម្នាក់ជួយសម្រាលបន្ទុកការងារដែលនាងចាត់ទុកដូចប្អូនស្រីបង្កើតអ៊ីចឹង។

ជាការលើកទឹកចិត្តដែលជំនួយការនាងឈ្មោះ ជាតា បំពេញការងារបានល្អទើបធ្វើឱ្យ សុភ័ក្រ កុសុមៈ ហ៊ានចាយប្រាក់ទិញរថយន្តមួយគ្រឿងឱ្យជំនួយការនាងជាការលើកទឹកចិត្តមុនឆ្លងឆ្នាំថ្មី។ ភាពរំភើបដែលត្រូវបានពញាក់អារម្មណ៍ជាកាដូរថយន្តមួយគ្រឿងនេះបានធ្វើឱ្យ ជាតា ទប់ទឹកភ្នែកមិនជាប់ដែលអាចទទួលបានកាដូធំលើសមិទ្ធផលការងារបែបនេះ។

គួរបញ្ជាក់ដែរថា សុភ័ក្រ កុសុមៈ គឺជាពិធីការិនីមួយរូបដែលមានថ្វីមាត់មិនចេះរីងស្ងួត ជាហេតុធ្វើឱ្យរាល់កម្មវិធីដែលនាងមានវត្តមានតែងមានភាពសប្បាយរីករាយជានិច្ច។ ជាក់ស្តែង ជាមួយកម្មវិធី “Chef Race by IZE” សុភ័ក្រ កុសុមៈ បានត្រលប់មកចាប់ដៃគូជាមួយ នាយព្រែក សាជាថ្មីដែលជាកម្មវិធីប្រកួតធ្វើម្ហូបពីសំណាក់សិល្បករ សិល្បការិនី ជាមួយចុងភៅរួមគ្នាចម្អិនម្ហូប និងលក់ជូនដល់សាធារណជន។

អ្វីដែលកាន់តែពិសេសជាងនេះនោះគឺ សម្រាប់ប្រាក់ដែលទទួលបានពីការលក់ម្ហូបទាំងប៉ុន្មាននឹងត្រូវបរិច្ចាគទៅសប្បុរធម៌ផងដែរ។ កម្មវិធី“Chef Race by IZE” មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីវេលាម៉ោង ១១-១២ ថ្ងៃត្រង់នៅលើទំព័រហ្វេសប៊ុកផ្លូវការ “Chef Race by IZE” ដូចនេះកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាថាតើ សិល្បកររូបណានឹងមានវត្តមានប្រកួតធ្វើម្ហូប និងក្រុមណាដែលមានសមត្ថភាពអាចយកឈ្នះបាននៅសប្តាហ៍បន្ទាប់៕