
ការទន្ទឹងរង់ចាំរបស់អ្នកស្រឡាញ់ការចម្អិនម្ហូប ពិតជាមិនខកបំណងឡើយជាមួយនឹងកម្មវិធីប្រកួតធ្វើម្ហូបដ៏ធំ និងលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ បានប្រកាសទទួលពាក្យចាប់ពីដើមខែមករា ឆ្នាំ២០២៤តទៅ ដោយចាប់ផ្ដើមពីខេត្តបាត់ដំបង។
ទឹកប្រាក់រង្វាន់សម្រាប់ម្ចាស់ពានរង្វាន់ MasterChef Cambodia រដូវកាលទី៣ ក៏ត្រូវបានបង្ហាញជាផ្លូវការផងដែរ គឺ ចំនួន ២០០,០០០,០០០ រៀល។
បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ MasterChef Cambodia បានបង្ហោះកាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឱ្យដឹងថា៖
“នេះជាពេលវេលាតែមួយគត់ដែលអ្នកត្រូវសម្រេចក្តីសុបិនរបស់អ្នក សូមចូលរួមដាក់ពាក្យប្រកួតកម្មវិធី MasterChef Cambodia រដូវកាលទី៣ តាមទីតាំងដែលនៅជិតលោកអ្នក៖
– ខេត្តបាត់ដំបង៖ ថ្ងៃទី ៦ និង ៧ ខែមករា ទីតាំងនៅដីឧកញ៉ាស៊ីនឃីម ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង
– ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី ១៣ និង ១៤ ខែមករា
– ខេត្តកំពត៖ ថ្ងៃទី ២០ និង ២១ ខែមករា
– ខេត្តព្រះសីហនុ៖ ថ្ងៃទី ២៧ និង ២៨ ខែមករា
– ខេត្តសៀមរាប៖ ថ្ងៃទី ៣ និង ៤ ខែកុម្ភៈ
– ខេត្តកំពង់ចាម៖ ថ្ងៃទី ១៧ និង ១៨ ខែកុម្ភៈ
– រាជធានីភ្នំពេញ៖ ថ្ងៃទី ២៤ និង ២៥ ខែកុម្ភៈ ទីតាំងនៅផ្សារទំនើប Chip Mong 271 Mega Mall
ទីតាំងតាមខេត្តនីមួយៗនឹងមានបញ្ជាក់ក្នុងពេលឆាប់ៗនេះ!!”
នៅក្នុង Comment សង្កេតឃើញបងប្អូនដែលជាហ្វេន ពិសេសអ្នកចូលចិត្តការចម្អិនជាច្រើនបានចូលរួម Like និងចែករំលែកវីដេអូរបស់ MasterChef Cambodia នេះរាប់ពាន់ដង។ នេះសបញ្ជាក់ថា MasterChef Cambodia ជាកម្មវិធីដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា ដែលតែងតែមានអ្វីដែលថ្មីប្លែកសម្រាប់ទស្សនិកជនរបស់ខ្លួនពីមួយរដូវកាលទៅមួយរដូវកាល។
ដូច្នេះបងប្អូនដែលមានបំណងដាក់ពាក្យ ត្រូវត្រៀមខ្លួនឱ្យបានល្អ ដើម្បីអាចក្លាយជាបេក្ខជនម្នាក់របស់កម្មវិធី MasterChef Cambodia ។ បើតាមប្រភពមួយបានបង្ហើបឱ្យដឹងថា លក្ខខណ្ឌចាំបាច់សម្រាប់បេក្ខជនដាក់ពាក្យនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។
MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN របស់ក្រុមហ៊ុន CBS ៕

ទំព័រហ្វេសប៊ុកផ្លូវការ MasterChef Cambodia ៖ https://www.facebook.com/MasterChefCambodiaCTN