
មុននឹងទៅកាន់ទីតាំងដាក់ពាក្យរបស់ក្រុមការងារ MasterChef Cambodia រដូវកាលទី៣ អ្នកស្រឡាញ់ការចម្អិនទាំងអស់គួរតែឈ្វេងយល់ពីលក្ខខណ្ឌសំខាន់ៗរបស់កម្មវិធីជាមុនសិន ដើម្បីជៀសវាងការខាតបង់ពេលវេលារបស់បងប្អូន។
ការទទួលពាក្យនៅក្នុងវគ្គ Pre-Audition អាចជាជំហានដំបូងដែលជួយឱ្យបងប្អូនសម្រេចក្ដីសុបិនដើម្បីក្លាយជាម្ចាស់ពានរង្វាន់ចុងភៅឯក MasterChef ជាមួយនឹងប្រាក់រង្វាន់ ២០០លានរៀល។ បងប្អូនត្រូវឱ្យបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
លក្ខខណ្ឌទូទៅសម្រាប់ការចូលរួមប្រកួត៖
– ត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤
– មានសញ្ជាតិខ្មែរ និងកំពុងរស់នៅក្នុងប្រទេសកម្ពុជា
– មិនមែនជាចុងភៅអាជីព កូនកាំបិត ឬជាសិស្សដែលធ្លាប់ និងកំពុងរៀនជំនាញធ្វើម្ហូបនោះទេ
– ចាំបាច់ត្រូវមានវត្តមានគ្រប់ពេលសម្រាប់គ្រប់កាលវិភាគថត និងការផលិតរបស់កម្មវិធីដែលបានកំណត់
– មិនធ្លាប់មាន ឬជាប់ពាក់ព័ន្ធជាមួយបទល្មើសណាមួយឡើយ
លក្ខខណ្ឌចាំបាច់សម្រាប់ការដាក់ពាក្យ
– នាំយកមកជាមួយនូវម្ហូបដែលចម្អិនរួចដោយខ្លួនឯងផ្ទាល់មកកាន់កន្លែងទទួលពាក្យ ដើម្បីធ្វើការវិនិច្ឆ័យ
– បន្ទាប់ពីធ្វើការវិនិច្ឆ័យរួច យើងនឹងមានកិច្ចសម្ភាសខ្លីមួយ
– សម្រាប់អ្នកដែលត្រូវជាប់ទៅវគ្គបន្ត នឹងទទួលបានព័ត៌មានពីក្រុមការងារ MasterChef Cambodia
គួរបញ្ជាក់ថា MasterChef Cambodia រដូវកាលទី៣ ចាប់ផ្ដើមទទួលពាក្យនៅខេត្តបាត់ដំបង (នៅដីឧកញ៉ាស៊ីនឃីម ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង) នាថ្ងៃទី៦-៧ ខែមករា ឆ្នាំ២០២៤ រួចបន្តទៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៣-១៤ ខែមករា, ខេត្តកំពត នាថ្ងៃទី២០-២១ ខែមករា, ខេត្តព្រះសីហនុ នាថ្ងៃទី២៧-២៨ ខែមករា, ខេត្តសៀមរាប ថ្ងៃទី៣-៤ ខែកុម្ភៈ, ខេត្តកំពង់ចាម ថ្ងៃទី១៧-១៨ ខែកុម្ភៈ និងរាជធានីភ្នំពេញ ថ្ងៃទី២៤-២៥ ខែកុម្ភៈ (នៅផ្សារទំនើប Chip Mong 271 Mega Mall)។
ចំពោះទីតាំងនៅខេត្តបន្ទាយមានជ័យ កំពត ព្រះសីហនុ សៀមរាប និងកំពងចាម ក្រុមការងារ MasterChef Cambodia នឹងធ្វើការបញ្ជាក់នៅពេលក្រោយ។
MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN របស់ក្រុមហ៊ុន CBS ៕

ទំព័រហ្វេសប៊ុកផ្លូវការ MasterChef Cambodia ៖ https://www.facebook.com/MasterChefCambodiaCTN