![]()
ចំណេះដឹង៖ ពិធីបុណ្យចូលឆ្នាំសាកល ត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំដែលមានប្រភពមកពីចក្រភព រ៉ូម៉ាំង នៃប្រទេសអ៊ីតាលីប្រមាណ ៤ពាន់ឆ្នាំមុន គ.ស។ ដំបូងទ្បើយ បុណ្យចូលឆ្នាំសាកលបានកំណត់តាម ប្រតិទិនចន្ទគតិ ឬ ដំណើរគោចរនៃព្រះចន្ទដូចជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងដែរ។ តែ ក្រោយមកក្នុងអំឡុងឆ្នាំ ៤៦មុនគ.ស. ព្រះចៅអធិរាជមួយអង្គនៃចក្រភព រ៉ូម៉ាំង ក៏បានកំណត់យកថ្ងៃទី១ ខែមករា គិតតាមប្រតិទិនសុរិយគតិ ឬ ដំណើរគោចរនៃព្រះអាទិត្យជាទិវាបុណ្យចូលឆ្នាំថ្មីឆ្នាំសាកលជាផ្លូវការ។

ជនជាតិរ៉ូមបានយកខែមករា ជាខែរបស់ Janus ដែលជាព្រះរបស់ពួកគេមានមុខពីរ មួយបែរទៅក្រោយឆ្លុះបញ្ជាក់ពីរឿងអតីតកាលដែលបានកន្លងផុតទៅ និងមួយទៀតបែរទៅមុខតំណាងឱ្យការសម្លឹងឆ្ពោះទៅអនាគត ហើយពិធីបុណ្យចូលឆ្នាំសាកលនេះដែរមានតាំងពី ៤ពាន់ឆ្នាំមុនគ.ស មកម្ល៉េះ។ ការកំណត់យកថ្ងៃទី០១ ខែមករា ជាថ្ងៃបុណ្យសកលបានកំណត់រហូតមកដល់ពេលបច្ចុប្បន្នដោយនៅតាមបណ្តាប្រទេសនានានាំគ្នាជប់លៀង និងរាប់ថយក្រោយនៅយប់ថ្ងៃទី៣១ ខែធ្នូ ដើម្បីអបអរទទួលឆ្នាំថ្មី។


នៅថ្ងៃបុណ្យចូលឆ្នាំសាកលនេះដែរ ជនជាតិអេស្ប៉ាញនាំគ្នាញ៉ាំទំពាំងបាយជូដែលផ្លែនេះត្រូវបានជនជាតិអេស៉្បាញយល់ថាជាផ្លែតំណាងឱ្យក្តីសង្ឃឹម។ ចំណែកឯនៅភាគខាងត្បូងសហរដ្ឋអាមេរិកគេនាំគ្នាបរិភោគសណ្តែកដោយសារវាមានរូបរាងស្រដៀងទៅនឹងកាក់ តំណាងឱ្យភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។

វីឯវប្បធម៌នៅតាមបណ្តាប្រទេសផ្សេងទៀតវិញគេនិយមបរិភោគសាច់ជ្រូកដោយគេជឿថាអាចទាញមកនូវភាពរុងរឿង ហើយសាច់ជ្រូកតែងមានវត្តមានក្នុងមុខម្ហូបនៅប្រទេសគុយបា អូទ្រីស ហុងគ្រី ព័រទុយហ្គាល់ និងតាមបណ្តាប្រទេសឯទៀត ខណៈប្រទេសស៊ុយអែត និងន័រវែសពេញនិយម rice pudding មានលាក់គ្រាប់អាល់ម៉ុននៅខាងក្នុង ប្រសិនបើអ្នកណាញ៉ាំប៉ះត្រូវគ្រាប់អាល់ម៉ុន នោះគេជឿថានឹងមានសំណាងពេញមួយឆ្នាំ៕
