
ចម្ងល់របស់ទស្សនិកជនត្រូវបានស្រាយខ្លះហើយ បន្ទាប់ពីក្រុមហ៊ុន CBS ដែលមានស្ថានីយទូរទស្សន៍ CTN បានធ្វើការប្រកាសជាផ្លូវការនូវសមាសភាពគណៈកម្មការទីមួយសម្រាប់កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ កាលពីពេលថ្មីៗនេះ។ ប្រិយមិត្តប្រាកដជាស្គាល់រូបគាត់ច្បាស់ ដោយសារគាត់គឺជាគណៈកម្មការកាលពីរដូវកាលទី១ និងទី២ ពោលគឺ Judge Nara ។

ការប្រកាសនេះ បានធ្វើឡើងនៅក្នុងវីដេអូចុងក្រោយបំផុតរបស់ MasterChef Cambodia កាលពីម្សិលមិញ ស្ដីពីការត្រៀមទទួលពាក្យរបស់បេក្ខជនដែលមានបំណងចង់សម្រេចក្ដីសុបិនរបស់ខ្លួនក្លាយជាកំពូលចុងភៅឯក នៅឯខេត្តបាត់ដំបង នាថ្ងៃទី៦-៧ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ ព្រឹកតទៅ នៅលើដី ឧកញ៉ា ស៊ីន ឃីម ភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង។ បេក្ខជនគ្រាន់តែយកម្ហូបមួយចានដែលពួកគាត់បានចម្អិនដោយផ្ទាល់ដៃមកដាក់ពាក្យប៉ុណ្ណោះ ហើយប្រាកដថាមានអាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ និងមិនមែនជាចុងភៅអាជីព ឬកូនកាបិតនោះឡើយ។
ប្រិយមិត្តប្រាកដជាចង់ដឹងហើយមែនទេ ថា តើនរណាជាគណៈកម្មការរបស់ MasterChef Cambodia រដូវកាលទី៣ បន្ទាប់ពី Judge Nara? មិនខុសពីរដូវកាលមុនៗទេ រដូវកាលទី៣នេះ នឹងមានគណៈកម្មការចំនួន ៣ រូប ប្រុស ២រូប និងស្រី ១រូប។ បើតាមដំណឹងឮល្ហៀងៗ មិនយូរទៀតនោះទេ សមាសភាពរបស់ពួកគាត់ទាំង៣ នឹងត្រូវប្រកាសជាផ្លូវការ។
កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN របស់ក្រុមហ៊ុន CBS ដែលមានការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន KHMER Beverages ក្នុងពេលឆាប់ៗនេះ៕