×

គម្រោងព្រះពុទ្ធរូបព្រះអង្គអភ័យកម្ពស់ ៤៥ម៉ែត្រ នៅខេត្តកែប បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ

គម្រោងសាងសង់ ព្រះពុទ្ធរូបព្រះអង្គអភ័យ មានកម្ពស់ ៤៥ម៉ែត្រ និងសំណង់ផ្សេងៗទៀត ស្ថិតនៅតំបន់ឧទ្យានជាតិកែប ប៉ែកខាងកើត បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ ជាផ្លូវការ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ។

ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប, លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកស្រី អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៊ីម រួមជាមួយមន្រ្តីរាជការចំណុះឲ្យរដ្ឋបាលខេត្តកែប ពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនអង្គនាក់។

ព្រះពុទ្ធរូបព្រះអង្គអភ័យ ដែលត្រូវកសាងមានកម្ពស់ ៤៥ម៉ែត្រនេះ ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប លើកំពូលភ្នំអតីតលោកសង្ឃចិនពីដើម នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ការកសាងនេះ ទុក្ខជាសម្បត្តិព្រះពុទ្ធសាសនា វប្បធម៌ទេសចរណ៍សម្រាប់ខេត្តកែប។

លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ធ្លាប់មានប្រសាសន៍ថា គម្រោងកសាងព្រះពុទ្ធបដិមាធំមួយអង្គកម្ពស់ ៤៥ម៉ែត្រ នៅលើកំពូលភ្នំកែបនេះដែរ ជាការរក្សានូវអត្តសញ្ញាណ និងសាសនាជាតិ ព្រោះព្រះពុទ្ធបដិមាគង់នៅជាសម្បត្តិវប្បធម៌ជាតិ តជំនាន់សម្រាប់ជាទីសក្ការៈដ៏ឧត្តុងឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរ្តិ៍មរកត ដល់កូនចៅជំនាន់ក្រោយ។ ហើយជាពិសេសជួយលើកកម្ពស់ដល់វិស័យទេសចរណ៍បែបសាសនារបស់ខេត្តកែបផងដែរ។

ក្រៅតែពីរូបបដិមាព្រះអង្គអភ័យនេះ នៅមានសំណង់ដោយឡែកពីគ្នាទៀត រួមមាន ខ្លោងទ្វារច្រកចូលទទឹង ៦ម៉ែត្រ ផ្លូវថ្នល់ទទឹង ៧ម៉ែត្រ សាលាវិបស្សនាមានទំហំ ២២x៣៥ម៉ែត្រ កុដិចំនួន ៦០កុដិ និងជណ្តើរឡើងភ្នំជាដើម៕

ដកស្រង់ពី៖ CNC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង