
ទម្រាំទទួលបានអៀមរបស់ MasterChef លោក ចាន់រ៉ា និងលោក វិច្ឆិកា បានឆ្លងកាត់បរាជ័យ ២ លើកនៅក្នុងវគ្គ Audition ។ យ៉ាងណាមិញ អតីតបេក្ខជនកាលពីរដូវកាលទី២ បានអភិវឌ្ឍខ្លួនពីមួយដំណាក់កាលទៅមួយដំណាក់កាល រហូតបានក្លាយជាបេក្ខជនដ៏ឆ្នើមរបស់កម្មវិធី។
លោក ចាន់រ៉ា និងលោក វិច្ឆិកា បានបង្ហើបនូវបទពិសោធសំខាន់ៗ ៣ ចំណុចនៅក្នុងការប្រកួតកម្មវិធីធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia ។ ចំណុចទាំងនោះមានដូចជា៖
ទី១. យកឧបករណ៍និងសម្ភារសម្រាប់ការចម្អិន៖ ដោយសារបេក្ខជនមានច្រើនក្នុងការប្រកួត អាចធ្វើឱ្យមានកង្វះចានឆ្នាំង។ មួយវិញទៀត បេក្ខជនខ្លះអាចនឹងយកឧបករណ៍ដែលមិនចាំបាច់សម្រាប់ធ្វើម្ហូបរបស់ខ្លួន ធ្វើឱ្យបេក្ខជនដែលមានតម្រូវការ មិនមានឧបករណ៍សម្រាប់ការចម្អិនមុខម្ហូបរបស់ពួកគាត់ ដែលអាចបង្កជាផលលំបាកមួយសម្រាប់ការប្រកួតផងដែរ។
ទី២. ស្ដាប់គណៈកម្មការ៖ ត្រូវតែយកចិត្តទុកដាក់នៅក្នុងការស្ដាប់ពីលក្ខខណ្ឌរបស់គណៈកម្មការ ដើម្បីជៀសវាងធ្វើខុសពីលក្ខខណ្ឌ និងអាចប្រឈមមុខនឹងការជម្រុះចេញពីកម្មវិធី។ ជាក់ស្ដែង បេក្ខជន អាចនឹងតម្រូវធ្វើឱ្យម្ហូបបែបអឺរ៉ុប ប៉ុន្តែបើបេក្ខជនធ្វើម្ហូបខ្មែរ ដោយសារមិនបានស្ដាប់លក្ខខណ្ឌច្បាស់ នោះអាចប្រឈមនឹងការធ្លាក់បាន។
ទី៣. ការរៀបចំ និងរសជាតិ៖ ប្រើប្រាស់ពេលវេលាខ្លះដើម្បីពិនិត្យរសជាតិ និងធ្វើការដេគ័រចានទៅលើមុខម្ហូបរបស់ខ្លួន ដើម្បីធ្វើឱ្យកាន់តែមានសោភ័ណភាពទាក់ទាញ។ បើសិនជារសជាតិមានបញ្ហា ក៏អាចប្រឈមនឹងការជម្រុះចេញផងដែរ។
អតីតបេក្ខជន MasterChef ទាំងពីររូប ក៏បានលើកទឹកចិត្តដល់បងប្អូនដែលស្រឡាញ់ការចម្អិនឱ្យចាប់យកឱកាសដ៏ធំនេះ ដោយអញ្ជើញទៅដាក់ពាក្យចូលរួមប្រកួតនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលកំពុងចាប់ផ្ដើមទទួលពាក្យ ដោយគ្រាន់តែយកម្ហូបមួយចានដែលចម្អិនដោយផ្ទាល់ដៃមកកាន់ទីតាំងទទួលពាក្យប៉ុណ្ណោះ។ បងប្អូនអាចតាមដានព័ត៌មាននានានៅលើទំព័រហ្វេសប៊ុកផ្លូវការ MasterChef Cambodia ៖ https://www.facebook.com/MasterChefCambodiaCTN៕