
ផ្លូវប្របមាត់សមុទ្រ ដែលមានប្រវែង ជាង ១២គ.ម ស្ថាបនាពីទីក្រុងកែប ចំណុចផែកោះទន្សាយ ឆ្ពោះទៅតំបន់អង្កោល កាត់តាមបណ្តោយមាត់សមុទ្រ បើគិតមកទល់ពេលនេះ បានសម្រេចការស្ថាបនារបស់ខ្លួនក្នុងលទ្ធផលប្រមាណ ៩៥%ហើយ។ បើតាមគម្រោងផ្លូវនេះ នឹងសម្រេចរួចរាល់ជាស្ថាពរនាពេលឆាប់ៗនេះ។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងពេលដែលលោកអញ្ជើញចុះទៅពិនិត្យដំណើរការក្រាលបេតុងផ្លូវជិះកង់ និងថ្មើរជើង នៃគម្រោងស្ថាបនាផ្លូវប្របមាត់សមុទ្រ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ការស្ថាបនាផ្លូវដែលជាសសៃឈាមទេសចរណ៍ដ៏មានសារសំខាន់នេះ បានរួមចំណែកទាញចំណូលបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្តបញ្ជាក់ថា ផ្លូវនេះជាការស្ថាបនាថ្មីសុទ្ធសាធ តាមរយៈការចុះដោះស្រាយផលប៉ះពាល់នានា ដែលជាប់គាំងប្រមាណជាង ៦ឆ្នាំ។ លោកអភិបាលខេត្តបន្តថាការក្រាលកៅស៊ូបានសម្រេចរួចរាល់ ហើយការស្ថាបនាផ្លូវថ្មើជើង និងជិះកង់ ក៏ជិតរួចរាល់ដែរ៕