
ដំណើររុករកអ្នកខ្លាំងពូកែខាងចម្អិនមុខម្ហូបដ៏ប្លែក មានភាពច្នៃប្រតិដ្ឋរួមផ្សំនឹងរសជាតិដែលមិនអាចបំភ្លេចបាន បានបន្តទៅកាន់ទីរួមខេត្តកំពតហើយ នៅថ្ងៃចុងសប្ដាហ៍នេះ ដោយអ្នកស្រឡាញ់ការចម្អិនទាំងអស់ អាចយកម្ហូបមួយចានដែលធ្វើដោយផ្ទាល់ដៃមកដាក់ពាក្យនៅទីតាំងស្ដង់របស់ក្រុមការងារ MasterChef Cambodia រដូវកាលទី៣ ចាប់ពីថ្ងៃទី២០-២១ ខែមករា ត្រូវនឹងថ្ងៃសៅរ៍អាទិត្យដែលបងប្អូនឈប់សម្រាកពីការងារតែម្ដង។
តើបងប្អូនអ្នកកំពត មានមុខម្ហូបអ្វីខ្លះដើម្បីយកមកបញ្ចុះបញ្ចូលគណៈកម្មការរបស់ MasterChef Cambodia ឱ្យជ្រើសរើសបងប្អូនជាបេក្ខជនម្នាក់របស់កម្មវិធី។ គណៈកម្មការដែលមានបទពិសោធយូរឆ្នាំលើវិស័យម្ហូបអាហារ នឹងរង់ចាំទទួលបងប្អូនយ៉ាងកក់ក្ដៅនៅមាត់ព្រែកកំពត ដែលនៅជាប់ស្ដាបាក់កាហ្វេ ចាប់ពីម៉ោង ៨ព្រឹកតទៅ។ ដូច្នេះ កុំឱ្យឱកាសដ៏កម្រនេះរំលងផុតទៅឱ្យសោះ ព្រោះថាបងប្អូនអាចក្លាយជាម្ចាស់ពានរង្វាន់របស់កម្មវិធី និងទទួលបានងារជាចុងភៅឯកក៏ថាបាន។
ប្រយ័ត្នចាញ់អ្នកបាត់ដំបង និងអ្នកបន្ទាយមានជ័យណា៎ ឃើញថា អំឡុងពេលក្រុមការងារ MasterChef Cambodia ចុះទៅទទួលពាក្យរបស់បងប្អូននៅខេត្តទាំងពីរកាលពី២សប្ដាហ៍កន្លងមក មានបងប្អូនដែលចូលចិត្តការធ្វើម្ហូបយ៉ាងច្រើនកុះករ បាននាំគ្នាទៅដាក់ពាក្យ។ ជឿថា អ្នកកំពតក៏មិនណយដែរ នៅចុងសប្ដាហ៍នេះ!
កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកដ៏ធំ MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ដែលមាន Cambodia, IZE និង EXPREZ នឹងមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ៕