×

រកឃើញបេក្ខជន៣រូប ដែលទទួលបានជ័យលាភីកម្មវិធីប្រឡងសរសេរតាមអានថ្នាក់ជាតិជាសាធារណៈ «សំណេរអង្គរ» លើកទី១នៅកម្ពុជា

យុវជនទាំង ៣រូប ដែលទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ ១ លេខ ២ និងលេខ៣ នៃកម្មវិធីប្រឡងសរសេរតាមអានថ្នាក់ជាតិជាសាធារណៈ «សំណេរអង្គរ» រួមមាន ជ័យលាភីលេខ១ បានទៅលើបេក្ខជន ចេង រតនា ចំណែកជ័យលាភីលេខ២ បានទៅលើបេក្ខជន វ៉ន វីដា ខណៈជ័យលាភីលេខ៣ បានទៅលើបេក្ខនារី យ៉ោប សុឃាក់។

ព្រឹត្តិការណ៍នេះ បានរំលេចនូវទិដ្ឋភាពក្នុងការលើកកម្ពស់ និងជំរុញទឹកចិត្តឱ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានដ៏មហស្ចារ្យក្នុងពិភពលោក ដែលផ្សារភ្ជាប់នឹងតថភាពវប្បធម៌ដ៏ល្អល្អះរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្រុមស្ថាបនិកព្រឹត្តិការណ៍សំណេរអង្គរ តំណាងដោយលោក លីម ប៊ុនហុក ក៏ដូចជាការគាំទ្ររបស់ ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍, អាជ្ញាធរ, សាកលវិទ្យាល័យអង្គរ, សហការី និងភាគីពាក់ព័ន្ធក្នុងការរៀបចំទាំងអស់ ដែលបានសហការបង្កើតកម្មវិធី «សំណេរអង្គរ» នាពេលនេះឡើង នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ប្រកបដោយស្មារតីក្នុងការពង្រឹងបន្ថែមនូវចំណេះដឹងទូទៅ អត្តសញ្ញាណជាតិ សាមគ្គីភាព ក៏ដូចជាលើកតម្កើងអក្សរសាស្ត្រឱ្យកាន់ផុលផុសបន្ថែមទៀត។

សូមជម្រាបថា កម្មវិធីប្រឡងសរសេរតាមអាន «សំណេរអង្គរ» លើកទីមួយ ត្រូវបានរៀបចំធ្វើឡើងនៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដែលមានបេក្ខជនចូលរួមជាង៧០០ អង្គ/នាក់។ ពិធីខាងលើនេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងមន្រ្តីរាជការជាច្រើនរូបទៀត។
កម្មវិធីសំណេរអង្គរ ជាកម្មវិធីថ្មីដែលបង្កើតឡើងក្នុងបំណងលើកកម្ពស់អក្សរសាស្រ្តខ្មែរ តាមរយៈការប្រឡងប្រជែងសរសេរតាមអាន។ កម្មវិធីនេះក៏អាចនឹងក្លាយជាព្រឹត្តិការណ៍ថ្នាក់ជាតិជាប្រចាំឆ្នាំផងដែរនាពេលអនាគត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង