
ប្រិយមិត្តនៅចាំទេ អ្នកមីងគឺជាអតីតបេក្ខជនម្នាក់របស់កម្មវិធី MasterChef រដូវកាលទី១ ហើយរាល់ពេលឃើញគាត់ គេតែងតែនឹកដល់មុខម្ហូបសម្លរប្រហើរខ្ទើយ។ កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ អ្នកមីងក៏បានធ្វើឱ្យបេក្ខជនដាក់ពាក្យ និងក្រុមការងារ MasterChef Cambodia រដូវកាលទី៣ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីអ្នកមីង បានមកដល់ស្ដង់កន្លែងដាក់ពាក្យដែលស្ថិតនៅមាត់ព្រែកកំពត ជាប់ស្ដាបាក់កាហ្វេ។

គាត់គឺអ្នកមីង ឃៀម សមិទ្ធិ ដែលកាលពីអ្នកមីងចូលរួមប្រកួតកម្មវិធី MasterChef រដូវកាលទី១ មានអាយុ ៦១ឆ្នាំ។ អ្នកមីង សមិទ្ធិ ក៏បាននាំយកនូវមុខម្ហូបដ៏ពិសេសមួយ មកកាន់ទីតាំងរបស់ក្រុមការងារ MasterChef Cambodia ថែមទៀតផង។ ឃើញថា មុខម្ហូបរបស់អ្នកមានពិតជាគួរឱ្យចង់ទទួលទាន និងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រិយមិត្តនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។
គួរបញ្ជាក់ថា វត្តមានរបស់អ្នកមីង សមិទ្ធិ គឺគ្រាន់តែមកលើកទឹកចិត្តដល់បេក្ខជនដែលស្រឡាញ់ការចម្អិន ឱ្យក្ដាប់យកឱកាសដ៏កម្រដោយមកដល់ពាក្យចូលរួមប្រកួតនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣តែប៉ុណ្ណោះ។


ដោយឡែក អំឡុងពេលទទួលពាក្យបេក្ខជននៅខេត្តកំពត មានបេក្ខជនជាច្រើនបានយកមុខម្ហូបប្លែកៗមកកាន់ទីតាំងទទួលពាក្យរបស់ក្រុមការងារ MasterChef Cambodia ដើម្បីឱ្យគណៈកម្មការជំនាញ ធ្វើការវិនិច្ឆ័យ។
សម្រាប់ទីតាំងបន្ទាប់ ក្រុមការងារ MasterChef Cambodia នឹងទៅកាន់ខេត្តព្រះសីហនុ នាថ្ងៃទី២៧ និង ២៨ ខែមករា ឆ្នាំ២០២៤៕