
បងប្អូនអ្នកខេត្តព្រះសីហនុ ពិតជាមិនធ្វើឱ្យក្រុមការងាររបស់កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia មានការខកបំណងឡើយ ជាមួយនឹងមុខម្ហូបដ៏ប្លែក និងមានឱជារសឈ្ងុយឆ្ងាញ់ ដែលពួកគាត់បានយកទៅដាក់ពាក្យនៅទីតាំងកំពង់ផែទេសចរណ៍របស់អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីចុងសប្ដាហ៍កន្លងទៅ។
សង្កេតឃើញថា បេក្ខជនមកពីខេត្តព្រះសីហនុ ពិតជាមិនឱ្យចាញ់បេក្ខជនមកពីខេត្តកំពត បន្ទាយមានជ័យ និងខេត្តបាត់ដំបង ដែលក្រុមការងារ MasterChef Cambodia រដូវកាលទី៣ បានធ្វើដំណើរទៅទទួលពាក្យរបស់ពួកគាត់ កាលពីសប្ដាហ៍មុនៗនោះទេ។ សម្រាប់មុខម្ហូបដែលក្រុមការងារ MasterChef Cambodia ទទួលបាន មានចាប់ពីមុខម្ហូបដែលត្រូវបានផ្សំចេញពីគ្រឿងផ្សំដ៏ល្បីល្បាញប្រចាំខេត្តនៅជាប់ឆ្នេរសមុទ្រមួយនេះ ពោលគឺគ្រឿងសមុទ្រ ដែលមាន បង្គារ ត្រី មឹក ក្តាម ជាដើម។
បេក្ខជននីមួយៗ ការច្នៃប្រតិដ្ឋរៀងៗខ្លួន សម្រាប់មុខម្ហូបរបស់ពួកគាត់ ហើយថែមទាំងបានបង្ហាញពីរឿងរ៉ាវនៅពីក្រោយការចម្អិនមុខម្ហូបមួយមុខនេះ ដើម្បីយកទៅដាក់ពាក្យថែមទៀតផង។ តោះចង់ដឹងថា មុខម្ហូបរបស់បេក្ខជននីមួយៗគួរឱ្យចង់ញ៉ាំកម្រិតណា ទៅទស្សនារូបភាពពីក្រុមការងារ MasterChef Cambodia នៅខាងក្រោមទាំងអស់គ្នា!

MasterChef Cambodia រដូវកាលទី៣ ជាកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក និងកម្រិតស្ដង់ដារអន្តរជាតិតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលនឹងចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ។ កម្មវិធីនេះ ត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ដែលមានស្រាពៀរកម្ពុជា IZE និង EXPREZ ៕