
កប៉ាល់ដឹកអ្នកដំណើរខ្នាតយក្សដ៏ធំជាងគេបង្អស់មានឈ្មោះថា Icon of the Seas ត្រូវគេដាក់សម្ពោធឱ្យដំណើរការជាផ្លូវការនៅលើដែនទឹកក្នុងតំបន់រមណីយដ្ឋានឆ្នេរសមុទ្រក្នុងទីក្រុងម៉ៃអាមី (Miami) របស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃសៅរ៍កន្លងទៅ ។

បើតាមរូបភាពដែលថតចេញពីយន្តហោះដ្រូន បានបង្ហាញពីទស្សនីយភាពនៃការបាញ់កាំជ្រួចដើម្បីអបអរដល់ដំណើរចាកចេញពីកំពង់ផែជាលើកដំបូងរបស់នាវាខ្នាតយក្សដែលមានប្រវែងសរុបប្រមាណជា៣៦៥ម៉ែត្រ ដើម្បីចាប់ផ្តើមដំណើរកម្សាន្តរយៈពេល៧ថ្ងៃនៅជុំវិញតំបន់ដែនសមុទ្រការ៉ាប៊ីនភាគខាងកើត។

គួរបញ្ជាក់ដែរថា កប៉ាល់សម្រាប់ធ្វើដំណើរកម្សាន្តខ្នាតយក្សខាងលើនេះ មានសមត្ថភាពផ្ទុកអ្នកដំណើរនិងក្រុមនាវិកសរុបជិត១ម៉ឺននាក់ និងមានកម្ពស់សរុបចំនួន២០ជាន់ ដោយគេបានបង្កើតឡើងដើម្បីបំពេញតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្នខាងវិស័យដំណើរកម្សាន្តតាមកប៉ាល់នៅលើដែនសមុទ្រ។
យ៉ាងណាមិញ វត្តមានរបស់កប៉ាល់ដឹកអ្នកដំណើរខ្នាតយក្សមួយគ្រឿងនេះ បានធើ្វឱ្យក្រុមសកម្មជនបរិស្ថានមួយចំនួនបង្ហាញក្តីបារម្ភចំពោះការបញ្ចេញនូវឧស្ម័នមេតានកាន់តែច្រើនឡើងទៅក្នុងបរិយាកាស ខណៈនាវានេះដើរដោយឧស្ម័ន (LNG) ៕
