
បុគ្គលចំនួន ៦រូប ដែលអះអាងថា ជាគ្រូបារមី ក្នុងនោះមានទាំងគ្រូ ៧ភាសារ ផងដែរ បានទទួលយកការណែនាំ និងបានស្ម័គ្រចិត្តចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់ដល់សង្គម និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ។
ក្រសួងធម្មការ និងសាសនា បានអះអាងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ថា នឹងបន្តអនុវត្តដោយម៉ឺងម៉ាត់នូវការណែនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងបន្តធ្វើការអប់រំ ផ្សព្វផ្សាយ និងតម្រង់ទិស នៃការគោរពប្រតិបត្តិឱ្យស្របតាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដទៃទៀតជាធរមាន ដើម្បីការពារសិទ្ធិសេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ការពារតម្លៃសង្គម ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារប្រជាពលរដ្ឋកុំឱ្យលង់ក្នុងការបោកប្រាស់ណាមួយ។
ទន្ទឹមនេះ ក្រសួងធម្មការ និងសាសនា ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ការបង្ហោះវីដេអូចាស់ៗកន្លងទៅ ឬវីដេអូថ្មីៗ ពាក់ព័ន្ធនឹងគ្រូបារមី គ្រូអូមអាមផ្សេងៗ ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ជាធរមាន។
ទន្ទឹមនេះក្រសួងធម្មការ និងសាសនា ក៏បានណែនាំដល់មន្ទីរធម្មការ និងសាសនារាជធានីខេត្ត តាមដានពិនិត្យមើល និងចុះធ្វើកិច្ចសន្យាជាមួយបុគ្គលមួយចំនួន ដែលអះអាងថា ជាគ្រូបារមី គ្រូអូមអាមដែលតែងតែបង្ហោះវីដេអូតាមបណ្តាញហ្វេសប៊ុក អំពីការទស្សនាយ ការសូត្រធម៌ និងបញ្ចេញមន្តអាគមអូមអាមរបស់ខ្លួន ដើម្បីឱ្យពួកគាត់បញ្ឈប់ជាបន្ទាន់ ចំពោះសកម្មភាពនៃការផ្សាយផ្ទាល់លើបណ្តាញទំនាក់ទំនងសង្គម អំឡុងពេលខ្លួនទស្សន៍ទាយ និងព្យាបាលជំងឺ ដោះអំពើអាបធ្មប់ ឬការសូត្រធម៌ដែលគ្មានប្រភពច្បាស់លាស់៕