
ដើម្បីអាចក្លាយជាបេក្ខភាពម្នាក់ដែលឈ្នះនៅថ្ងៃដាក់ពាក្យក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ បងប្អូនដែលជាអ្នកស្រឡាញ់ការចម្អិន ឬជាចុងភៅតាមផ្ទះ គួរតែផ្តោតលើការបង្កើតនូវមុខម្ហូបដែលបង្ហាញពីជំនាញ និងភាពច្នៃប្រតិដ្ឋរបស់អ្នក ក្នុងនោះត្រូវមានចំណុចសំខាន់ដែលអ្នកគួរតែដឹងផងដែរ។ នេះគឺជាសមាសធាតុមួយចំនួនដែលអាចជួយឱ្យមុខម្ហូបរបស់អ្នកឱ្យលេចធ្លោបាន៖
ចំណុចសំខាន់ទីមួយ គឺជារសជាតិដែល ប្លែក និងតុល្យភាព ដោយរួមបញ្ចូលគ្នានូវរសជាតិផ្អែម ប្រៃ ជូរ ហិល ដែលបំពេញគ្នាទៅវិញទៅមក និងបង្កើតបទពិសោធនៃរសជាតិដែលមិនអាចបំភ្លេចបាន។
ចំណុចទីពីរ គឺគ្រឿងផ្សំដែលមានគុណភាព ដោយអ្នកគួរតែប្រើប្រាស់គ្រឿងផ្សំបន្លែត្រីសាច់ដែលស្រស់ៗ និងមានគុណភាពខ្ពស់ ដើម្បីលើកមុខម្ហូប និងរំលេចនូវការយកចិត្តទុកដាក់របស់អ្នកទៅលើមុខម្ហូបដែលអ្នកបានចម្អិនសម្រាប់ឱ្យគណៈកម្មការវិនិច្ឆ័យ។
បន្ទាប់មក ចំណុចទី៣ គឺការឌីហ្សាញ ដែលអ្នកគួរយកចិត្តទុកដាក់ចំពោះភាពទាក់ទាញនៃរៀបចំមុខម្ហូបរបស់អ្នក។ ការបង្ហាញប្រកបដោយសោភ័ណភាព អាចធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់គណៈកម្មការផងដែរ។
ចំណុចបន្ទាប់នោះ គឺបច្ចេកទេស ដែលអ្នកត្រូវបង្ហាញពីជំនាញធ្វើម្ហូបរបស់អ្នកដោយប្រើបច្ចេកទេសត្រឹមត្រូវ និងវិធីធ្វើម្ហូបដែលប្រើប្រាស់គ្រឿងផ្សំឱ្យមានប្រសិទ្ធភាពបំផុត។
សម្រាប់ចំណុចសំខាន់ចុងក្រោយមួយទៀត គឺអ្នកនឹងត្រូវចែករំលែកពីរឿងរ៉ាវដែលនៅពីក្រោយមុខម្ហូបរបស់អ្នក ហើយវាឆ្លុះបញ្ចាំងពីប្រវត្តិផ្ទាល់ខ្លួន ឬវប្បធម៌របស់អ្នក។ សាច់រឿងគួរឱ្យទាក់ទាញរបស់អ្នក នឹងធ្វើឱ្យម្ហូបមួយមុខនេះកាន់តែមានអត្ថន័យ។
សូមជម្រាបថា កម្មវិធី MasterChef Cambodia រដូវកាលទី៣ នឹងបន្តដំណើរស្វែងរកបេក្ខជនឆ្នើមប្រចាំខេត្តសៀមរាប នាថ្ងៃទី៣-៤ ខែកុម្ភៈ ចាប់ពីម៉ោង ៨ព្រឹកតទៅ។ ទីតាំងទទួលពាក្យ គឺស្ថិតនៅសណ្ឋាគារម៉េម័រផាឡេស ក្រុងសៀមរាប៕