×

កម្ពុជា ត្រៀមរៀបចំបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នាខែមីនា ឆ្នាំ២០២៤

យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ឱ្យដឹងថា បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤នេះ គ្រោងនឹងប្រារព្ធទៅនៅខេត្តសៀមរាប នាពាក់កណ្តាលខែមីនា ឆាប់ៗខាងមុខនេះ ។

ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារ និងពិនិត្យទីតាំងត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្មវិធីបុណ្យទន្លេលើកទី៨នោះ គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ។

លោក សូ ម៉ារ៉ា មានប្រសាសន៍ថា ដើម្បីឱ្យការប្រព្រឹត្តិទៅរបស់ព្រឹត្តិការណ៍បុណ្យទន្លេនេះ មានភាពប្លែក ទាក់ទាញ យើងត្រូវរៀបចំបង្កើតក្បាលម៉ាស៊ីនអនុគណៈកម្មការ ឬក្រុមការងារនានា សម្រាប់ការបែងចែកភារកិច្ចទទួលខុសត្រូវចំពោះបុណ្យទន្លេដែលគ្រោងនឹងធ្វើនៅខេត្តសៀមរាបជាលើកទី៨នេះ។

ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្ត ជាប់តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ការបង្កើតព្រឹត្តិការណ៍បុណ្យទន្លេលើកទី១ បានធ្វើឡើងនៅខេត្តក្រចេះឆ្នាំ ២០១៥ លើកទី២ទី២ ឆ្នាំ ២០១៦ ខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ ។ លើកទី៣ ឆ្នាំ ២០១៧ ខេត្តស្ទឹងត្រែង ទី៤. ឆ្នាំ ២០១៨ ខេត្តកណ្តាល ទី៥. ឆ្នាំ ២០១៩ ខេត្តកំពង់ឆ្នាំង ទី៦. ឆ្នាំ២០២០ ខេត្តបាត់ដំបង ដោយឡែកសម្រាប់ឆ្នាំ២០២១ និង២០២២ អាក់ខានដោយសារវិបត្តិជំងឺកូវីដ១៩ និងលើកទី៧ ឆ្នាំ ២០២៣ ខេត្តកំពង់ធំ និង ឆ្នាំ២០២៤ លើកទី ៨ គឺគម្រោងកម្មវិធីសម្រាប់រយៈពេលទាំង៣ថ្ងៃ នៅខេត្តសៀមរាបនេះតែម្តង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង