
បេសកកម្មស្វែងរកជើងខ្លាំងផ្នែកចម្អិនម្ហូបដែលជាចុងភៅតាមផ្ទះ និងជាអ្នកស្រឡាញ់ការធ្វើម្ហូបពិតប្រាកដ នឹងបន្តដំណើររបស់ខ្លួន ខណៈក្រុមការងារ MasterChef Cambodia រដូវកាលទី៣ នឹងចុះទៅដល់ខេត្តកំពង់ចាម នៅសប្ដាហ៍ក្រោយពីធីបុណ្យចូលឆ្នាំប្រពៃណីចិន។
ចាប់ពីសប្ដាហ៍ទី១ ខែមករា មក ដំណើរការនៃការទទួលពាក្យរបស់បេក្ខជនដែលជាអ្នកស្រឡាញ់ការចម្អិន និងមិនមែនជាចុងភៅអាជីព បានរកឃើញបេក្ខជនជាច្រើនរួចមកហើយសម្រាប់ចូលរួមវគ្គបន្ត។
បន្ទាប់ពីទទួលពាក្យនៅខេត្តចំនួន ៥ រួចរាល់ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ កំពត ព្រះសីហនុ និងខេត្តសៀមរាប ខាងក្រោមនេះគឺជាទីតាំងនិងកាលបរិច្ឆេទ ទទួលពាក្យនៅរាជធានីខេត្តចំនួន ២ ទៀតដែលនៅសល់៖
-ខេត្តកំពង់ចាម ថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសួនច្បារមាត់ទន្លេ ទល់មុខសាលារៀនដីដុះ
-រាជធានីភ្នំពេញ ថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅផ្សារទំនើបជីបម៉ុង 271 Mega Mall ។
គួរបញ្ជាក់ផងដែរថា ទោះបីជាលោកអ្នកមិនស្ថិតនៅក្នុងខេត្តដែលក្រុមការងារ MasterChef Cambodia ចុះទៅក៏ដោយ ក៏លោកអ្នកអាចអញ្ជើញទៅដាក់ពាក្យបានផងដែរ។ សំខាន់ គឺគ្រាន់តែនាំយកនូវមុខម្ហូបមួយចាន ទៅកាន់ស្ដង់ដាក់ពាក្យរបស់ក្រុមការងារដែលកំពុងរង់ចាំលោកអ្នក នៅទីតាំងដែលបានកំណត់។
កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN របស់ក្រុមហ៊ុន CBS ដែលមានការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន KHMER Beverages ក្នុងពេលឆាប់ៗនេះ៕
