×

១០ ចំណុចដែលធ្វើឱ្យ MasterChef ជាកម្មវិធីដ៏មានប្រជាប្រិយភាពនៅលើពិភពលោក

MasterChef ជាកម្មវិធីប្រកួតធ្វើម្ហូបដែលត្រូវបានបង្កើតឡើងដោយលោក Franc Roddam ដែលមានប្រភពមកពីចក្រភពអង់គ្លេស ក្នុងខែកក្កដា ឆ្នាំ១៩៩០។ ចាប់តាំងពីពេលនោះមក កម្មវិធីនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង និងចាប់ផ្ដើមមាននៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។

ថ្មីៗនេះ MasterChef Cambodia រដូវកាលទី៣ បាននិងកំពុងទទួលពាក្យរបស់បេក្ខជននៅក្នុងប្រទេសកម្ពុជា ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរបានចូលរួមបង្ហាញពីថ្វីដៃដ៏ប៉ិនប្រសប់នៅក្នុងការចម្អិនម្ហូប និងភាពសម្បូរបែបនៃម្ហូបខ្មែរ ទៅកាន់ពិភពលោក។

ខាងក្រោមនេះ គឺជាការពិតចំនួន ១០ ចំណុចអំពីកម្មវិធី MasterChef ដែលជាហេតុផលធ្វើឱ្យវាក្លាយជាកម្មវិធីដ៏ពេញនិយមនៅលើពិភពលោក៖

១. ចុងភៅតាមផ្ទះ មានឱកាសចូលរួមប្រកួតប្រជែងនៅក្នុងវិញ្ញាសាជាបន្តបន្ទាប់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់គណៈកម្មការដែលជាចុងភៅអាជីព ជាមួយនឹងគោលដៅដើម្បីក្លាយជាកំពូលចុងភៅឯករបស់ MasterChef ។

២. ទស្សនិកជនមានភាពអន្ទះសាចង់ដឹង និងសាច់រឿងដែលកើតឡើងអំឡុងពេលនៃការប្រកួតប្រជែង ព្រមទាំងការជម្រុះបេក្ខជនចេញពីកម្មវិធី។ ទស្សនិកជន តាមដានលើការវិវឌ្ឍរបស់បេក្ខជនដែលពួកគាត់ពេញចិត្ត ហើយចង់មើលថាអ្នកណា នឹងទទួលបានតំណែងជើងឯក។

៣. គណៈកម្មការនៃកម្មវិធី MasterChef ជាមេចុងភៅដែលមានការគោរព ដែលផ្ដល់កិត្យានុភាព និងភាពជឿជាក់បន្ថែមទៀតទៅលើកម្មវិធី។

៤. វិញ្ញាសានៅក្នុងកម្មវិធី MasterChef មានចាប់ពី ការឱ្យធ្វើការងារដ៏សាមញ្ញ រហូតដល់វិញ្ញាសាដ៏ស្មុគស្មាញ ដូចជាការបង្កើតមុខម្ហូប ៣ មុខក្នុងពេលវេលាកំណត់។

៥. ហេតុផលមួយទៀត គឺការអប់រំណែនាំ។ អ្នកទស្សនាអាចស្វែងយល់អំពីបច្ចេកទេសធ្វើម្ហូបថ្មីៗ គ្រឿងផ្សំ និងការផ្សំរសជាតិដោយការមើលបេក្ខជន និងស្តាប់មតិយោបល់របស់គណៈកម្មការ។

៦. MasterChef មានការចូលរួមពីបេក្ខជនមកពីគ្រប់មជ្ឈដ្ឋាន ដែលមានបទពិសោធនៅក្នុងផ្ទះបាយផ្សេងៗគ្នា។

៧. កម្មវិធីនេះ បានផ្ដល់ឱកាសសម្រាប់បេក្ខជនដើម្បីអាចក្លាយជាចុងភៅអាជីពដ៏ជោគជ័យ នៅក្នុងវិស័យម្ហូបអាហារ។

៨. MasterChef ក៏ត្រូវបានកែសម្រួលទៅកម្មវិធី MasterChef Junior សម្រាប់ការប្រកួតរបស់បេក្ខជនវ័យក្មេង និង MasterChef: The Professionals សម្រាប់ចុងភៅដែលមានបទពិសោធស្រាប់។

៩. កម្មវិធីនេះ បានឈ្នះពានរង្វាន់ជាច្រើន រួមទាំងពានរង្វាន់ Emmy ជាច្រើន និង BAFTA សម្រាប់កម្មវិធីកម្សាន្តល្អបំផុតផងដែរ។

១០. ភាពជោគជ័យជាសាកលរបស់កម្មវិធី MasterChef គឺទោះបីជាទស្សនានៅក្នុងភាសា និងវប្បធម៌ខុសគ្នាក៏ដោយ ក៏ទស្សនិកជននៅទូទាំងពិភពលោក អាចតាមដានបានយ៉ាងជក់ចិត្តទៅលើការប្រកួតរបស់ប្រទេសនីមួយៗ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង