![]()
កម្សាន្ត៖ អតីតម្ចាស់ជ័យលាភីបវរកញ្ញាចក្រវាល២០២០ រ៉េត សារីតា កំពុងធ្វើឱ្យអ្នកគាំទ្ររបស់នាងរំភើបជាខ្លាំង បន្ទាប់ពីនាងបានផុសរូបប៉ុន្មានសន្លឹកដែលគូស្នេហ៍របស់នាងបានសុំនាងរៀបការនៅលើភ្នំទឹកកកនាប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ថ្មីៗនេះ។

ទំនាក់ទំនងដែលបានមើលចិត្តគ្នាអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ បានចេញជាផ្លែផ្កាដែលគូស្នេហ៍មួយគូនេះ ត្រូវបានអ្នកគាំទ្រនាំគ្នាលាន់មាត់សរសើរថាពិតជាសក្តិសមនឹងគ្នាឥតខ្ចោះ ខាងស្រីក៏ស្រស់ខាងប្រុសក៏សង្ហា។

យ៉ាងណាមិញ ការសុំរៀបការពីគូស្នេហ៍អតីតបវរកញ្ញារូបនេះ បានកើតឡើង ខណៈពេលដែលអ្នកទាំង ២ បានចំណាយពេលវេលាផ្អែមល្ហែមជាមួយគ្នាក្នុងដំណើរកម្សាន្តនៅប្រទេសនូវែលសេឡង់ នារដូវកាលបុណ្យចូលឆ្នាំចិននៅលើភ្នំទឹកកកយ៉ាងរ៉ូមែនទិកបំផុត ជាហេតុធ្វើឱ្យអ្នកគាំទ្រនាំគ្នារំភើបមិនចាញ់សមីខ្លួនឡើយ។

ចំពោះពិធីមង្គលការវិញ រ៉េត សារីតា មិនទាន់បញ្ជាក់នៅឡើយថានឹងចាប់ផ្តើមប្រារព្ធឡើងនៅពេលណាឡើយ។ ទោះជាយ៉ាងណា ពេលវេលាដ៏រំភើបមួយនេះ ទទួលបានការអបអរយ៉ាងច្រើនទាំងក្នុង និងក្រៅសិល្បៈផងដែរ៕
