![]()
ភ្នំពេញ៖ Influencer វ័យក្មេងល្បីឈ្មោះ ហេង វិសាល បានធ្វើឱ្យគូដណ្តឹងស្រក់ទឹកភ្នែកដោយសាររំភើបនឹងទង្វើរបស់លោកដែលខំរៀបចំកម្មវិធីពញាក់អារម្មណ៍ ស្រីនា យ៉ាងរ៉ូមែនទិកជាមួយក្រុមគ្រួសារទាំងសងខាងក៏ដូចជាអ្នករាប់អានជិតដិតមួយចំនួនផងដែរ។

មហាជនមួយចំនួនធំបានរំភើបជំនួស ស្រីនា និងសរសើរសំណាងរបស់នាងជាខ្លាំងដែលមានទាំងគ្រួសារល្អ ការងារមុខរបរល្អហើយ ថែមទាំងបានជួបគូជីវិតល្អទាំងព្រមថែមទៀត។ ទន្ទឹមនឹងពិធីភ្ជាប់ពាក្យដែលបានប្រារព្ធឡើងយ៉ាងឱឡារិកកាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅនោះ ចូលមកដល់ថ្ងៃទី១៣ ខែកុម្ភៈ ម្សិលមិញនេះ ហេង វិសាល បានរៀបចំកម្មវិធីដ៏រ៉ូមែនទិកដែលលោកបានឱ្យឈ្មោះថា “Be My Wife” ដែលមានការលុតជង្គង់ពាក់ចិញ្ចៀនឱ្យ ស្រីនា និងបាញ់កាំជ្រួចធ្វើឱ្យបរិយាកាសកាន់តែពិសេសឡើងទ្វេដង។

យ៉ាងណាមិញ កម្មវិធីមួយនេះត្រូវបានអ្នកនិយមលេងបណ្តាញសង្គមមួយចំនួននាំគ្នាមានចម្ងល់ថា ក្រែងអ្នកទាំង២ បានភ្ជាប់ពាក្យជាមួយគ្នាយូរហើយ ហេតុអ្វីទើបមកសុំរៀបការពេលនេះទៅវិញ? ខណៈពេលដែលមានអ្នករិះគន់ពីកម្មវិធីមួយនេះហើយ ហេង វិសាល បានបញ្ជាក់នូវពាក្យរិះគន់ទាំងនោះថា “សម្រាប់ពួកយើងចាស់ៗបានព្រមព្រៀងគ្នា និងរើសថ្ងៃរួចហើយ ប៉ុន្តែខ្ញុំមិនដែលបានសុំគាត់ផ្ទាល់មាត់នោះទេ។ ខ្ញុំធ្វើនេះគឺចង់បំពេញក្តីស្រម៉ៃមនុស្សស្រីដែលខ្ញុំស្រលាញ់ ព្រោះគាត់តែងតែប្រាប់ខ្ញុំថាក្តីស្រម៉ៃរបស់គាត់គឺចង់ឱ្យខ្ញុំសុំគាត់រៀបការ។ខ្ញុំធ្វើវាដើម្បីក្តីសុខរបស់គាត់ គាត់ពិតជាល្អណាស់សម្រាប់ខ្ញុំគាត់គួរតែទទួលបានវា ទាំងក្តីសុខបែបក្មេងៗ និងតម្លៃតាមប្រពៃណីខ្មែរ។ តើប៉ុណ្ណឹងខុសដែរឬ?”

ទោះជាយ៉ាងណាសម្លេងនៃការគាំទ្រ និងកោតសរសើរចំពោះគូស្នេហ៍វ័យក្មេងទាំង ២រូបនេះបានធ្វើឱ្យអ្នកមិនទាន់មានគូជាច្រើនប្រាថ្នាចង់បានវាសនាដូច ហេង វិសាល និង ជា ស្រីនា ជាខ្លាំងផងដែរ៕