
ក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការWWF អង្កេតឃើញកូនផ្សោតទើបកើតមួយក្បាល បានហែលក្នុងហ្វូងផ្សោតពេញវ័យចំនួន ៧ ក្បាលទៀត នៅក្នុងអន្លង់កាំពី នាខេត្តក្រចេះ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមបញ្ជាក់ថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកជារតនសម្បត្តិជាតិមានជីវិតនៃប្រទេសកម្ពុជា ហើយសត្វដ៏មានតម្លៃនេះស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ ប្រជាពលរដ្ឋ ត្រូវពួតដៃរួមគ្នាការពារសត្វផ្សោតទន្លេមេគង្គ និងលំហូរសេរីនៃទន្លេមេគង្គដែលទីជម្រករបស់ពួកវា ដើម្បីរក្សាធនធានដ៏មានតម្លៃឥតគណនានេះ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

នេះគឺកូនផ្សោតទី២ដែលបានកើតក្នុងឆ្នាំ២០២៤នេះ បន្ទាប់ពីឆ្មាំទន្លេ និងក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បានប្រទះឃើញកូនផ្សោតមួយក្បាល នៅអន្លង់កាំពី កាលពីថ្ងៃទី១១ ខែកុម្ភៈ កន្លងទៅ៕