
នៅក្នុងសប្ដាហ៍នេះ ដែលត្រូវជាសប្ដាហ៍ទី២២ កម្មវិធីប្រកួតធ្វើម្ហូប Chef Race by IZE នឹងបន្តនាំយកនូវតារាល្បីៗដែលទទួលការគាំទ្រពីមិត្តយុវវ័យគ្រប់ស្រទាប់ ឱ្យមកចូលរួមធ្វើការតតាំងគ្នានៅក្នុងផ្ទះបាយចល័តទាំងបី ជាមួយនឹងការរៀបចំដ៏ប្លែកភ្នែកក្នុងឱកាសទិវានៃក្ដីស្រឡាញ់ ។

តារាកិត្តិយសនៅក្នុងដួងចិត្តរបស់ប្រិយមិត្តនាសប្ដាហ៍នេះ រួមមាន កញ្ញា ប្រេម៉ា លោក សុខ សម្បត្តិ និង លោក នួន បូរ៉ា ដែលបានសន្យានឹងផ្ដល់នូវការប្រកួតដ៏ជក់ចិត្តស្វិតស្វាញ សម្រាប់ប្រិយមិត្តរបស់ស្ថានីយទូរទស្សន៍ CTN នាព្រឹកថ្ងៃសៅរ៍នេះ ចាប់ពីការដើរផ្សារទិញគ្រឿងផ្សំ រហូតដល់ពេលដាក់លក់មុខម្ហូបដែលពួកគាត់បានចម្អិនរួច។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ នៅសប្ដាហ៍នេះ អ្នកចូលទិញម្ហូប ក៏នឹងទទួលបានផ្កាមួយទងពីតារាកិត្តិយសផងដែរ។
សម្រាប់វត្តមានរបស់ចុងភៅទាំង៣រូប មានសុទ្ធតែជាអតីតបេក្ខជន MasterChef រដូវកាលទី២ និងជាចុងភៅចំណានៗ មានដូចជា អ្នកនាង ប៉ិច ស្រីណុច លោក ឈឹម វិច្ឆិកា និងលោក Richard ។ នៅក្នុងការចាប់ដៃគូនៅសប្ដាហ៍នេះ អ្នកនាង ស្រីណុច នឹងស្ថិតនៅក្នុងក្រុម IZE ជាមួយលោក សុខ សម្បត្តិ ហើយលោក វិច្ឆិកា នឹងត្រូវធ្វើការជាមួយកញ្ញា ប្រេម៉ា នៅក្នុងក្រុម EXPREZ ខណៈលោក Richard និងលោក នួន បូរ៉ា នឹងត្រូវសហការគ្នានៅក្នុងក្រុម CAMBODIA ។
រំឭកដល់សប្ដាហ៍ទី២១កន្លងទៅ ក្រុម CAMBODIA នេះហើយដែលទទួលបានជ័យលាភី ធ្វើឱ្យក្រុមនេះឈ្នះច្រើនជាងគេរហូតដល់ ១០ លើក។ ចំណែកក្រុម EXPREZ ធ្លាប់ឈ្នះ ៦ លើក តាមពីក្រោយដោយក្រុមកូនពៅ IZE ដែលឈ្នះទទួលជ័យជម្នះចំនួន ៥ លើក។
ធានាថាសប្ដាហ៍ទី២២នេះ នឹងកក្រើកកម្មវិធី Chef Race by IZE ដែលប្រព្រឹត្តទៅនៅខាងមុខទីធ្លានៃបរិវេណផ្សារទំនើបជីបម៉ុង 271 Mega Mall ។ តើក្រុមណា នឹងក្លាយជាម្ចាស់ជើងឯកនៅក្នុងសប្ដាហ៍នេះ? បើចង់ដឹងច្បាស់ សូមរង់ចាំទស្សនាលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក Chef Race by IZE នាថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ១១ ព្រឹកតទៅ។ សូមកុំឱ្យការប្រកួតធ្វើម្ហូបដ៏ជក់ចិត្តនេះកន្លងទៅផុតឱ្យសោះណា៎!



