![]()
ភ្នំពេញ៖ ស្រីស្អាត ជីជី ដែលជាពិធីការិនីប្រចាំរបស់ CBS បានរកឃើញដៃគូជីវិតជាអ្នកក្បែរខ្លួនដែលរាប់អានគ្នាជាមិត្តភក្តិរយៈពេលជាង ១០ឆ្នាំគឺលោក គឿន នភាល័យ។ ជីជី បានបញ្ជាក់ឱ្យដឹងនៅក្នុងកម្មវិធីកម្សាន្តមួយថា ស្គាល់គ្នាជាង ១០ឆ្នាំមកនេះមិនដែលមានអារម្មណ៍អ្វីលើសពីមិត្តឡើយ ប៉ុន្តែដូចពាក្យចាស់លោកពោលថាស្នេហ៍មិនឈ្នះស្និទ្ធិ ដោយសារមិត្តផ្សេងៗទៀតមានការរវល់ជាមួយការងារប្រចាំថ្ងៃមិនសូវមានពេលបានដើរកម្សាន្តជួបជុំគ្នាជាក្រុម ទើបធ្វើឱ្យអ្នកទាំង ២មានឱកាសបានដើរតែ ២នាក់ យូរៗទៅក៏កើតមានអារម្មណ៍ស្នេហាឱ្យគ្នាមិនដឹងខ្លួន។

ទម្រាំបានជួបស្នេហ៍ពិតនេះផងដែរ ជីជី បានឱ្យដឹងថា កន្លងមកនាងគឺជាមនុស្សស្រីម្នាក់ដែលគ្មានសំណាងជាមួយស្នេហា ប៉ុន្តែសម្រាប់ស្នេហាលើកនេះធ្វើឱ្យនាងមានអារម្មណ៍ថាទទួលបានភាពកក់ក្តៅ និងភាពច្បាស់លាស់ ហើយអ្នកទាំង ២ក៏មិនដែលគិតឡើយថាទំនាក់ទំនងមិត្តភក្តិប្រែមកជាទំនាក់ទំនងស្នេហាបែបនេះឡើយ។

ក្រលេកទៅមើលថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ម្សិលមិញវិញ ទាំងខាងប្រុសទាំងខាងស្រីបានផុសរូបគូ និងពោលពាក្យផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមកធ្វើឱ្យមហាជនមួយចំនួនលាន់មាត់សរសើរថាសមគ្នាជាខ្លាំង។

យ៉ាងណាមិញ គឿន នភាល័យ តែងចេញចូលផ្ទះរបស់ ជីជី ញឹកញាប់ជាហេតុធ្វើឱ្យគ្រួសារស្រីស្អាតរូបនេះស្គាល់លោកច្បាស់ ដូចនេះទំនាក់ទំនងរវាងអ្នកទាំង ២មិនមានឧបសគ្គអ្វីមករាំងស្ទះឡើយ។ ការចាប់ផ្តើមទំនាក់ទំនងមួយនេះត្រូវបានមហាជនជាអ្នកគាំទ្រស្រីស្រស់ប្រុសស្អាតទាំង ២នេះរង់ចាំដំណឹងល្អរបស់ពួកគេឆាប់ៗផងដែរ៕
