×

អាជ្ញាធរខេត្តត្បូងឃ្មុំ និងប្រជាពលរដ្ឋជិត ១០ម៉ឺននាក់ ចូលរួមពិធីចាប់ត្រីតាមបែបបុរាណនៅបឹងត្រពាំងក្រម ស្រុកមេមត់ កើនឡើងជាង ៥២%

ត្បូងឃ្មុំ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលត្បូងឃ្មុំ និងលោកស្រីម៉េង វ៉ាន់ដានីន រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករប្រមាណជិត ១០ម៉ឺននាក់ បានចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំបានឲ្យដឹងថា រដ្ឋបាលខេត្តត្បូងឃ្មុំបានរៀបចំពិធីចុះចាប់ត្រីតាមបែបបុរាណនេះ មានការចូលរួមពីភ្ញៀវជាតិ-អន្តរជាតិយ៉ាងច្រើនកុះករប្រមាណជិត ៩៨.៥០០នាក់ ក្នុងនោះ ស្រីប្រហែល ៤៩.២០០នាក់ នៅក្នុងនោះភ្ញៀវអន្តរជាតិចំនួន ២នាក់ បើធៀបនឹងឆ្នាំ ២០២៣ មានភ្ញៀវ ៦៤.៧០០នាក់ គឺមានការកើនឡើង៥២,២៤ភាគរយ។

គួររំលឹកថា កម្មវិធីចាប់ត្រីតាមបែបបុរាណនៅបឹងត្រពាំងក្រមនេះ ប្រព្រឹត្តិទៅរៀងរាល់១ឆ្នាំម្តង ក្នុងគោលបំណងថែរក្សាវប្បធម៌ ប្រពៃណីរបស់ប្រជាពលរដ្ឋក្នុងតំបន់ ហើយតំបន់បឹងក្រមនេះ មានផ្ទៃដីប្រមាណ ៣០ហិកតា និងផ្ទៃបឹងទំហំ ១ហិកតា ដោយរៀងរាល់ឆ្នាំ មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិនអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រី ក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាវត្តមានត្រីទុកសម្រាប់ពិធីចាប់ត្រី ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្រុត ឈ្នាង និងត្រក ជាដើម៕

 

ដកស្រង់ពី CNC, អត្ថបទ៖ សារី ណែត

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង