បេក្ខជនក្មេងចាស់ប្រុសស្រីជាច្រើនពោរពេញដោយទេព្យកោសល្យក្នុងការចម្អិនម្ហូប ដែលមានបំណងចង់ក្លាយជាកំពូលចុងភៅឯក MasterChef Cambodia រដូវកាលទី៣ បាននាំគ្នាទៅដាក់ពាក្យទីស្ដង់របស់ក្រុមការងារ MasterChef អមជាមួយនឹងមុខម្ហូបដែលទាក់ទាញគួរឱ្យចង់ទទួលទាន និងមានរសជាតិឈ្ងុយឆ្ងាញ់ នៅទីតាំងសួនច្បារមាត់ទន្លេ ទល់មុខវិទ្យាល័យដីដុះ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៧ និង ១៨ ខែកុម្ភៈ។
ក្នុងសប្ដាហ៍កន្លងទៅនេះ សង្កេតឃើញថា បេក្ខជននីមួយៗមានភាពច្នៃប្រតិដ្ឋខ្ពស់មិនចាញ់អ្នកខេត្តមុនៗនោះទេ ដោយបានពាំនាំនូវមុខម្ហូបមួយចានដែលចម្អិនដោយផ្ទាល់ដៃមកឱ្យគណៈកម្មការដែលមានបទពិសោធយូរឆ្នាំរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ ធ្វើការភ្លក់ និងដាក់ពិន្ទុ ដើម្បីមានឱកាសឆ្លងទៅកាន់វគ្គបន្ត។
សូមជម្រាបថា កំពង់ចាមជាខេត្តចុងក្រោយគេហើយ សម្រាប់ដំណើររុករកបេក្ខជនរបស់ខ្លួនដោយក្រុមការងារ MasterChef Cambodia រដូវកាលទី៣ បន្ទាប់ពីខេត្តបាត់ដំបង បន្ទាយមានជ័យ កំពត ព្រះសីហនុ និងខេត្តសៀមរាប ខណៈការទទួលពាក្យចុងក្រោយ នឹងត្រូវធ្វើឡើងនៅរាជធានីភ្នំពេញ នាផ្សារទំនើបជីបម៉ុង 271 Mega Mall នៅថ្ងៃទី២៤ និង ២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ចង់ដឹងថា ម្ហូបរបស់អ្នកខេត្តកំពង់ចាម ដែលយកមកដាក់ពាក្យកាលពីសប្ដាហ៍មុនទំនងៗកម្រិតណា តស់ទៅមើលរូបភាពខាងក្រោមទាំងអស់គ្នា។
MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា IZE និង EXPREZ ត្រៀមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ!