ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រសួងបញ្ជាក់ថា ជ្រលងសម្ពាធទាបមានឥទ្ធិពលអូសបន្លាយ ពីឈូងសមុទ្របេងហ្គាល់រហូតដល់ឈូងសមុទ្រថៃ និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថយឥទ្ធិពល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតំបន់វាលទំនាប
មានសីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្រប់ដណ្តប់លើផ្ទៃដី៥% និងមានខ្យល់បក់មកពីទិសបូព៌មានល្បឿន២ម៉ែត្រ/វិនាទី។
ចំណែកតំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៤ អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៧អង្សាសេ ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌មានល្បឿន២ម៉ែត្រ/វិនាទី ដោយឡែកនៅខេត្តកំពង់ស្ពឺ មានភ្លៀងធ្លាក់ខ្សោយគ្រប់ដណ្តបលើផ្ទៃដី៥%។
រីឯតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា២៥ អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ ផ្ទៃមេឃមានពពកពីតិចទៅមធ្យម មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្រប់ដណ្តប់លើផ្ទៃដី២០% ខ្យល់បក់មកពីទិសនិរតី មានល្បឿន ៥ម៉ែត្រ/វិនាទី។ ក្នុងនោះរលកសមុទ្រមានកម្ពស់អប្បបរមា១,២៥ម៉ែត្រ និងកម្ពស់អតិបរមា២,៥០ម៉ែត្រ៕