×

CEO ទាំង ៣ក្នុងក្រុម BLACKPINK ប្រកាសបើកក្រុមហ៊ុនផ្ទាល់ខ្លួនជាផ្លូវការ

កូរ៉េខាងត្បូង៖ ការបន្តកុងត្រារវាងផលិតកម្ម YG និង ក្រុម Blackpink បានធ្វើឡើងកាលពីចុងឆ្នាំ២០២៣ កន្លងទៅដោយមានការព្រមព្រៀងសកម្មភាពជាក្រុមស្ថិតក្រោមការគ្រប់គ្រងរបស់ផលិត រីឯសកម្មភាពឯកជនគឺសមាជិកក្រុមទាំង ៤របស់ Blackpink មានសិទ្ធិសេរីភាពក្នុងការប្រើប្រាស់ទៅតាមអ្វីដែលពួកគេចង់ធ្វើ។

មិនយូរប៉ុន្មាន Jennie បានក្លាយជាសមាជិកដំបូងគេដែលបានប្រកាសពីការបើកផលិតកម្មផ្ទាល់ខ្លួនដែលនាងឱ្យឈ្មោះថា Odd Athlier ជាហេតុធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរពីសេដ្ឋីនីវ័យក្មេងរូបនេះជាខ្លាំង។ ការភ្ញាក់ផ្អើលដែល Jennie ផ្តល់ឱ្យអ្នកគាំទ្រមិនបានប៉ុន្មានផង Lisa ក៏បានប្រកាសពីការបើកក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាងផងដែរកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមឈ្មោះ LLound។

ការបញ្ចប់កុងត្រាការងារឯកជនជាមួយ YG ធ្វើឱ្យសមាជិកក្រុម Blackpink មានឱកាសក្នុងការបំពេញក្តីស្រមៃរបស់ពួកគេរៀងខ្លួន ដូចជាក្រៅពី Jennie និង Lisa បានប្រកាសបើកផលិតកម្មរៀងខ្លួនហើយ កាលពីថ្ងៃទី២១ ខែកុម្ភៈ ម្សិលមិញនេះ Jisoo បានក្លាយជាសមាជិកទី៣ ដែលបានប្រកាសបើកក្រុមហ៊ុនផ្ទាល់ខ្លួនដែលនាងឱ្យឈ្មោះថា BLISOO។

BLISOO ដែលបានបំបែកពីពាក្យ BLISS មានន័យថាសុភមង្គល បានបន្ថែមតួអក្សរភ្ជាប់ជាមួយនឹងឈ្មោះរបស់ Jisoo នោះនឹងត្រូវបង្ហាញពីសកម្មភាពនានារបស់ Jisoo ជាមួយអ្នកគាំទ្ររបស់នាងឥតដែនកំណត់។ ខណៈពេលដែលសមាជិក ៣រូបបានរកឃើញគោលដៅ និងកំពុងដំណើរការនោះ គ្រប់គ្នាកំពុងរង់ចាំដំណឹងរបស់ Rose ដែលជាសមាជិកចុងក្រោយមិនទាន់មានតម្រុយណាមួយដូចសមាជិកក្នុងក្រុមឡើយ។

យ៉ាងណា រំឭកទៅបទសម្ភាសន៍ដែលត្រូវបានសួរថា ប្រសិននាងមិនមែនជាតារាចម្រៀងទេ តើនាងនឹងធ្វើអ្វី? ពេលនោះ Rose បានឱ្យដឹងថាប្រហែលនាងនឹងធ្វើជា Youtuber។ Rose ត្រូវបានមហាជនមួយចំនួនយល់ថា ថ្ងៃអនាគតនាងប្រហែលជាជ្រើសធ្វើជា Youtuber ដដែលខណៈពេលដែលនាងបង្ហាញសកម្មភាពលើបណ្តាញសង្គមច្រើនជាងសមាជិកឯទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង