×

ព្រះកាយចន្ទ បានត្រឹមសូមទោសអ្នកគាំទ្រម្តងហើយម្តងទៀតក្រោយប្រកាសលាលែងតំណែងពី Miss Grand ភ្នំពេញ

ភ្នំពេញ៖ ពិធីការិនីដែលទស្សនិកជនទាំងអស់គ្នាតែងឃើញវត្តមានក្នុងកម្មវិធី “ជំនុំសំណើច” របស់ MyTV រៀងរាល់ថ្ងៃព្រហស្បតិ៍ ព្រះកាយចន្ទ បានឈោងចាប់ឱកាសចូលរួមប្រកួតសម្រស់រហូតការពុះពារកន្លងមកធ្វើឱ្យស្រីស្អាតរូបនេះដណ្តើមមកុដតំណាង Miss Grand ភ្នំពេញ។ លទ្ធផលនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់តារាស្រីរូបនេះរំភើប និងមានសន្ទុះគាំទ្រខ្លាំងដោយគ្រប់គ្នាបានលើកឡើងថា នាងមិនត្រឹមតែសក្តិសមតំណាងត្រឹម Miss Grand ភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំងជាបវរកញ្ញាមួយរូបដែលសក្តិសមតំណាងឱ្យកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិផងដែរ ដោយសារទាំងរូបសម្រស់ ចំណេះដឹង ជំនាញ គឺនាងមានគ្រប់ចំណុច។

យ៉ាងណាមិញ គ្រងមកុដមិនបានប៉ុន្មានផង ព្រះកាយចន្ទ បែរជាប្រកាសលាលែងតំណែងពី Miss Grand ភ្នំពេញជាផ្លូវការ ក្រោមហេតុផលជាប់ភារកិច្ចផ្ទាល់ខ្លួនត្រូវបំពេញចាំបាច់។ បន្ទាប់ពីប្រកាសដំណឹងនេះភ្លាម អ្នកគាំទ្រតារាស្រីរូបនេះ មានការភ្ញាក់ផ្អើលជាខ្លាំងដែលក្រោយគ្រងតំណែងជា Miss Grand ភ្នំពេញមក ព្រះកាយចន្ទ តែងបង្ហាញអារម្មណ៍រំភើប ញាប់ញ័រ ថែមទាំងបានអញ្ជើញបវរកញ្ញា រ៉េត សារីតា ឱ្យជួយបង្វឹកបន្ថែមលើភ្នែកភាសា និងរបៀបឆ្លើយសំណួរ ក៏ដូចជាបវរកញ្ញា អ៊ិន លក្ខិណា ឱ្យជួយបង្វឹកជំនាញដើរឱ្យរឹតតែល្អដើម្បីត្រៀមសម្រាប់ឆាកប្រកួតបន្ទាប់។

ទោះជាយ៉ាងណា ព្រះកាយចន្ទ បានត្រឹមសូមទោសអ្នកគាំទ្រម្តងហើយម្តងទៀតដែលនាងធ្វើឱ្យគ្រប់គ្នាដែលបានគាំទ្រអស់សង្ឃឹម ចំណែកឯអ្នកគាំទ្របានត្រឹមសោកស្តាយសមត្ថភាពបវរកញ្ញារូបនេះប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង