×

មួយប៉ប្រិចភ្នែកសោះ កូនស្រី Yang Mi និង Hawick ធំលឿនណាស់

ហុងកុង៖ បន្ទាប់ពីតារាល្បីឈ្មោះ Yang Mi និង Hawick បានលែងលះគ្នាកាលពីឆ្នាំ២០១៨ មកកូនស្រីរបស់អ្នកទាំង ២ត្រូវបានស្ថិតក្រោមការមើលថែពីខាងគ្រួសារ Hawick ដែលមានឪពុកម្តាយតារាប្រុសរូបនេះជាអ្នកចិញ្ចឹមមើលថែផ្ទាល់។

ការបញ្ចប់ចំណងអាពាហ៍ពិពាហ៍ និងកូនស្រីត្រូវប្រគល់ឱ្យខាងអតីតស្វាមីជាអ្នកមើលថែនេះធ្វើឱ្យ Yang Mi រងព្យុះរិះគន់មិនសំចៃមាត់ពីមហាជនថានាងផ្តោតតែការងារជ្រុលរហូតមិនខ្វល់ពីកូនស្រី។ ទោះជាយ៉ាងណា រូបភាពមួយចំនួនដែល Yang Mi បានហោះទៅដល់ទឹកដីហុងកុងក៏បានធ្វើឱ្យមហាជនមួយចំនួនធ្វើការជជែកវែកញែកថា នាងបានចំណាយពេលទៅសួរសុខទុក្ខកូនស្រីនាងក្នុងឱកាសពិសេសៗដែរ រីឯថ្ងៃធម្មតានាក៏បានវីដេអូខលរកកូនស្រីរាល់យប់ផងដែរ គ្រាន់តែនាងមិនដែលបង្ហាញឱ្យឃើញពីជីវិតឯកជនរបស់នាងប៉ុណ្ណោះ។

ធ្មេចបើកៗ ពេលនេះកូនស្រីរបស់ Yang Mi និង Hawick បានធំពេញរូបពេញរាងកម្ពស់ជិតប៉ុនឪពុកមើលស្ទើរមិនស្គាល់ បន្ទាប់ពីប្រទះឃើញ Hawick នាំកូនស្រីអាយុជិត ១០ឆ្នាំរបស់ខ្លួនដើរកម្សាន្តថ្ងៃវិស្សមកាល។ គួរបញ្ជាក់ដែរថា ទាក់ទងនឹងសិទ្ធិចិញ្ចឹមកូនដែលសារព័ត៌មានបានចុះផ្សាយកន្លងមកបានឱ្យដឹងថា បើទោះបីជាពេលនេះកូនស្រីស្ថិតក្រោមការមើលថែពីក្រុមគ្រួសារខាង Hawick ក៏ពិតមែន ប៉ុន្តែក្នុងចំណោមអ្នកទាំង ២ប្រសិនអ្នកណារៀបការមានគ្រួសារថ្មីមុន នោះសិទ្ធិចិញ្ចឹមកូននឹងធ្លាក់លើភាគីម្ខាងទៀតដែលមិនទាន់រៀបការ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង