
ភ្នំពេញ៖ “ដំបូងគ្រាន់តែចូលមកបោកប្រាស់ធម្មតា ក្បែរយូរកាលណា ស្រលាញ់គេអស់ពីបេះដូង” ត្រឹមមួយឃ្លានេះក៏អាចស្រមៃដល់ទិដ្ឋភាពស្នេហាផ្អែមល្ហែម និងអារម្មណ៍អៀនប្រៀនគ្នារបស់តួឯកប្រុសស្រីយើងនៅពេលដែលភារកិច្ចដែលចូលមកបោកប្រាស់ក្តីស្រលាញ់គ្នា ចុងក្រោយបែរជាស្នេហ៍មិនឈ្នះស្និទ្ធិ ហាមបេះដូងមិនឱ្យស្រលាញ់គ្នាមិនបានទៅវិញ។

ទស្សនិកជនប្រាកដជាឆ្ងល់ថា នេះជាឃ្លាក្នុងរឿងភាគអ្វីហើយ។ ក្នុងពេលឆាប់ៗនេះ រឿងភាគថ្មីមួយទៀតដែលមានចំណងជើងថា “អន្ទាក់ស្នេហ៍ក្នុងកុងត្រា” ដែលមានវត្តមានតួឯកប្រុសស្រីដែលកំពុងទទួលបានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យគឺ ខេ ស៊ីញ និង គីមហ្ស័ង នឹងចូលអង្រួនបេះដូងទស្សនិកជនឱ្យជក់ចិត្តដិតអារម្មណ៍តាមរយៈសាច់រឿងដែលជាចំណីចក្ខុថ្មីពី MyTV។

គ្រាន់តែឃើញតួឯកប្រុស តួឯកស្រីក្នុងរឿង “អន្ទាក់ស្នេហ៍ក្នុងកុងត្រា” អ្នកគាំទ្រក៏អាចទាយដឹងដែរថារឿងភាគខ្មែរមួយនេះនឹងអាចទាក់ចិត្តទស្សនិកជនប៉ុណ្ណា ដ្បិតទស្សនិកជនដែលធ្លាប់បានទស្សនារឿងភាគបុរាណខ្មែរនៅលើកញ្ចក់ទូរទស្សន៍ CTN កន្លងមកប្រាកដជាធ្លាប់បានទស្សនាការសម្តែងរបស់តួស្រី គីមហ្ស័ង ហើយក្នុងរឿង “នាយខ្វាក់នាយខ្វិន” រីឯតួឯកប្រុស ខេ ស៊ីញ វិញក៏បានលេចវត្តមានក្នុងរឿងភាគបុរាណខ្មែរ “ចៅសំគមបាញ់លលក” ផងដែរ។

មកលើកនេះគឺជារឿងភាគបែបសម័យវិញម្តងដែលបុរសសង្ហា និងនារីរូបស្រស់ក្នុងរឿង “អន្ទាក់ស្នេហ៍ក្នុងកុងត្រា” ដែលចូលមកបោកប្រាស់លេងល្បែងស្នេហ៍ដាក់គ្នា ចុងក្រោយសុទ្ធតែជាប់អន្ទាក់គ្នារៀងខ្លួននឹងមានផ្សាយជូនទស្សនាឆាប់ៗនេះនៅ MyTV៕
