×

Chef Race by IZE សប្ដាហ៍នេះមានទាំងតារាកិត្តិយសខ្មែរនិងកូរ៉េរូបស្រស់ ចូលមកបញ្ចេញថ្វីដៃក្នុងការប្រកួតធ្វើម្ហូប

កាន់តែប្លែក និងទាក់ទាញជាមួយកម្មវិធី Chef Race by IZE ក្នុងសប្ដាហ៍ទី២៤ ដែលមានការអញ្ជើញចូលរួមពី អាយដលរបស់ហ្វេនៗ ដែលមានរូបរាងស្រស់សង្ហា ធានាថានឹងធ្វើឱ្យប្រិយមិត្តរបស់ស្ថានីយទូរទស្សន៍ CTN ជក់ចិត្តដិតអារម្មណ៍ជាមួយនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញរបស់ក្រុមទាំង៣ នាព្រឹកថ្ងៃសៅរ៍ខាងមុខនេះ។

ក្នុងសប្ដាហ៍នេះ ប្រិយមិត្ត មិនត្រឹមតែបានជួបជាមួយតារាកិត្តិយសជាជនជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួបជាមួយតារាកិត្តិយសដ៏ពិសេសម្នាក់ដែលជាជនជាតិកូរ៉េថែមទៀតផង។ តារាម្នាក់នោះគឺ កញ្ញា ហ៊ូអ៊ីង ហ្វាង់ ដែលជាតារាចម្រៀងអាចនិយាយភាសាខ្មែរបាន ដោយនឹងត្រូវឈានជើងចូលមកកាន់ផ្ទះបាយ Chef Race by IZE ដើម្បីប្រកួតជាមួយនឹងតារាប្រុសរូបរាងសង្ហាទាំងពីរ រួមមាន លោក ទីង តុង និង ប្រុស ខួច។

ចាំមើលថាតើកញ្ញា ហ៊ូអ៊ីង ហ្វាង់ មានសមត្ថភាពកម្រិតណានៅក្នុងផ្ទះបាយ Chef Race by IZE ហើយថាតើកញ្ញាមានបច្ចេកទេសអ្វីដើម្បីអំពាវនាវឱ្យម៉ូយៗចូលទិញម្ហូបរបស់ក្រុមគាត់? នារីកូរ៉េរូបនេះ នឹងត្រូវសហការជាមួយ លោក ឡាយ សុខចាន់ ដែលជា Chef នៅក្នុងក្រុម IZE ដើម្បីប្រកួតជាមួយក្រុម EXPREZ របស់លោក ទីង តុង និង Chef ម៉ៅ វិចិត្រ ព្រមទាំងក្រុម CAMBODIA របស់លោក ប្រុស ខួច និង Chef ឆាយ ឆេងហុក។

សូមរំឭកផងដែរថា បន្ទាប់ពីឈ្នះ៣សប្ដាហ៍ជាប់គ្នា កាលពីសប្ដាហ៍ទី២១ ២២ និង ២៣ រួចមក ក្រុម CAMBODIA បានទទួលជ័យជម្នះសរុបចំនួន ១២ លើក ខណៈក្រុម EXPREZ នៅតែរក្សាកំណត់ត្រាឈ្នះ ៦ លើក តាមពីក្រោយដោយក្រុម IZE ដែលទទួលបានជ័យជម្នះ ៥ លើក។

ត្រៀមទទួលយកនូវភាពសប្បាយរីករាយជាមួយពិធីករ នាយ ព្រែក និងពិធីការិនី សុភ័ក្រ កុសុមៈ ដែលពូកែរិះរកពាក្យពេចន៍លេងសើចឱ្យប្រិយមិត្តផ្ទុះសំណើច និងបន្តស្វែងរកក្រុមដែលនឹងទទួលបានជ័យលាភីនៅក្នុងសប្ដាហ៍ទី២៤ ទាំងអស់គ្នាណា៎!

Chef Race by IZE នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ Chef Race by IZE នាថ្ងៃសៅរ៍ ទី២ ខែមីនា ចាប់ពីម៉ោង ១១ព្រឹកដល់ ១២ ថ្ងៃត្រង់។ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាណា៎!

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង