×

លើកដំបូងដែលតួអង្គ ប៉ាវចិន បង្ហាញវត្តមានក្នុងកម្មវិធីក្រោយវះកាត់ខួរក្បាលបាន ៦ឆ្នាំ

ចិន៖ បាត់មុខអស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីធ្វើការវះកាត់ខួរក្បាលកាលពីឆ្នាំ២០១៧ មកធ្វើឱ្យតួអង្គ ប៉ាវចិន លោក Jin Chao Chun លែងមានវត្តមានលើវិថីសិល្បៈទៀតដោយសារបញ្ហាសុខភាពជាច្រើន។ ប៉ុន្តែកាលពីថ្ងៃទី២៧ ខែកុម្ភៈ ថ្មីៗនេះតួអង្គដែលធ្វើឱ្យទស្សនិកជនជក់ចិត្តដិតអារម្មណ៍ការសម្តែងរបស់លោកបានបង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្តមួយដែលនេះគឺជារឿងដ៏កម្របំផុត។

ស្ថិតក្នុងវ័យ ៧៣ឆ្នាំ Jin Chao Chun បានចែករំលែកបទពិសោធន៍កាលសម្តែងរឿង ប៉ាវចិន ថាមានចំណុចមួយចំនួនដែលធ្វើឱ្យពិបាកដោយសារត្រូវផាត់មុខក្រាស់ៗ និងសម្លៀកបំពាក់ក៏ដូចជាម៉ូតសក់មានច្រើនជាន់ ម៉្យាងទៀតដោយសារពេលនោះអាកាសធាតុរៀងក្តៅទើបធ្វើឱ្យលោកត្រូវបន្ថែមម្សៅជាញឹកញាប់។

Jin បានឱ្យដឹងថាដោយសារគោរពតួអង្គដែលលោកសម្តែង ដូចនេះអំឡុងពេលថតរឿង “តុលាការមុខដែក” លោកបានសន្យានឹងខ្លួនឯងថានឹងមិនរួមដំណេកជាមួយភរិយាជាដាច់ខាត។ មួយវិញទៀតដោយសារចង់ឱ្យរូបរាងរបស់ខ្លួនស័ក្តសមទៅនឹងតួអង្គលោកម្ចាស់ប៉ាវ តារាសម្តែងជើងចាស់រូបនេះបានហាត់ប្រាណនឹងធ្វើបែបណាឱ្យឡើងគីឡូដើម្បីឱ្យស័ក្តសមជាមួយតួអង្គ ប៉ាវចិន។

 

ប៉ុន្តែដោយសារសម្តែងជាតួអង្គ ប៉ាវចិន រយៈពេលយូរពេកធ្វើឱ្យលោកមិនអាចស្រកទម្ងន់វិញបានជាហេតុធ្វើឱ្យលោកជួបបញ្ហាសុខភាពជាច្រើនដូចជា ជំងឺលើសឈាម ជាតិស្ករក្នុងឈាម គេងមិនដកដង្ហើម និងកាលពីឆ្នាំ២០១៧ លោកមានដុំសាច់ក្នុងខួរក្បាលដោយត្រូវធ្វើការវះកាត់ភ្លាមៗទៀតផង។

យ៉ាងណាមិញ ទាក់ទងនឹងរឿងភាគចិន “តុលាការមុខដែក” នេះដែរដំបូងឡើយផលិតករគម្រោងនឹងថតត្រឹមតែ ១៥ភាគប៉ុណ្ណោះ ប៉ុន្តែមិននឹកស្មានថាទទួលបានគាំទ្រលើសពីការរំពឹងទុកទើបរឿងភាគមួយនេះបានបន្តផលិតរហូតដល់ ២៥០ភាគដែលក្នុងមួយភាគទៅមួយភាគគឺទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង