
បន្ទាប់ពីមានការលើកឡើង និងរិះគន់ ផ្សេងៗនៅលើបណ្ដាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះទៅលើ វីឡាកុដិនៅវត្តគិរីសាលវ័ន ហៅវត្តថ្មី ស្ថិតនៅឃុំទាន ស្រុកកំពង់សៀម ខេត្តកំពង់ចាមរួចមក នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០៣៤នេះ លោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានថ្លែងប្រាប់ CNC ថា សាមីវត្តយល់ព្រមសូមអភ័យទោសទៅដល់មហាជនដែលជាអ្នកលេងនៅក្នុងបណ្តាញសង្គម និងអ្នកសារព័ត៌មានដែលបានចុះផ្សាយលើសំណង់មហាកុដិនេះ។
«សាមីវត្តព្រមកែសម្រួលនៅដំបូលខាងមុខនៃមហាកុដិនេះឱ្យទៅតាមរចនាប័ទ្មខ្មែរស្របតាមប្រពៃណី ព្រះពុទ្ធសាសនា»។ នេះជាប្រសាសន៍របស់លោក រ៉េត សារ៉ាត។

បើតាមលោកប្រធានមន្ទីរធម្មការនិងសាសនាខេត្ត មហាកុដិនេះមានទំហំ១៦ម៉ែត្រគុណ១៤ម៉ែត្រ មានកម្ពស់៣ជាន់ ដោយជាន់ខាងក្រោមមានបន្ទប់សម្រាប់ព្រះចៅអធិការសឹងតាមជញ្ជាំងមានរូងដាក់ព្រះពុទ្ធរូបចំនួន១០៨ អង្គ ជាន់ទី២ មានតម្កល់សេរីរៈធាតុ ដែលយកពីប្រទេសឥណ្ឌា មានបន្ទប់ស្ទុដយោ សម្រាប់ផ្សព្វផ្សាយព្រះធម៌ បណ្ណាល័យ នៅជាន់ទី៣ មានព្រះពុទ្ធរូបមួយអង្គធំ កន្លែងធ្វើសមាធិ ដោយសុទ្ធសឹងតែធ្វើឡើងតាមលក្ខណៈព្រះពុទ្ធសាសនាសុទ្ធសាធ។ បន្ទាប់ពីមានការពន្យល់ពីស្ថាប័នមន្ទីរវប្បធម៌ខេត្តក៏ដូចជាមន្ទីរធម្មការខេត្ត ព្រះចៅអធិការវត្តរួមទាំងគណៈកម្មការវត្តបានយល់ព្រមកែលម្អដំបូលមហាកុដិ ធ្វើយ៉ាងណាតាមរចនាប័ទ្មខ្មែរ។
សូមបញ្ជាក់ថា មហាកុដិនេះ ត្រូវបានកសាងឡើងចាប់តាំងពីឆ្នាំ២០១៨ បន្តរហូតមកដល់ឆ្នាំ២០២៤សម្រេចបាន៨៧% ទៅ៩៨% ចំពោះបច្ច័យដែលត្រូវចំណាយប្រមាណ៣៥ម៉ឺនដុល្លារ៕

អត្ថបទ៖ CNC