×

ក្រុមសិស្សសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា ធ្វើទស្សនកិច្ចសិក្សាលើវិស័យសារព័ត៌មាន នៅក្រុមហ៊ុន CBS ជាលើកដំបូង

ភ្នំពេញ៖ ក្រុមសិស្សសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា (Southbridge International School Cambodia) បានអញ្ជើញមកទស្សនកិច្ចសិក្សាលើវិស័យសារព័ត៌មាន នៅក្រុមហ៊ុន Cambodian Broadcasting Service (CBS) ជាលើកដំបូង នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។

នាឱកាសនេះ មានការអញ្ជើញទទួលក្រុមសិស្សសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា ដោយគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន CBS ក្នុងនោះ រួមមានលោក David Ulmer នាយក​ប្រតិបត្តិ​ និងថ្នាក់ដឹកនាំរបស់ទូរទស្សន៍ CNC ដែលដឹកនាំដោយលោកជំទាវ អ៊ុង ច័ន្ទសោភា នាយិកាព័ត៌មាន  រួមទាំង លោកស្រី កង កល្យាណ នាយិការងព័ត៌មាន និង លោក ដួង សុខា ផលិតករជាន់ខ្ពស់ និងនាយកសម្របសម្រួល រួមទាំងសហការីជាច្រើននាក់ទៀត។

ក្នុងគ្រានេះ លោកជំទាវ អ៊ុង ច័ន្ទសោភា នាយិកាព័ត៌មាន បានលើកឡើងថា ដើម្បីក្លាយជាអ្នកសារព័ត៌មានឆ្នើមចាំបាច់ណាស់ត្រូវមានចំណេះដឹងទូលំទូលាយ ការស្រាវជ្រាវ និងការអានឱ្យបានច្រើន។

ជាមួយគ្នានេះ លោកជំទាវនាយិកាព័ត៌មាន បានថ្លែងថា អ្វីដែលសំខាន់សម្រាប់អ្នកសារព័ត៌មានគឺការគោរពពេល និងវិន័យ រួមទាំងក្រមសីលធម៌វិជ្ជាជីវៈផងដែរ។

ទន្ទឹមនឹងនេះ ការចេះប្រើប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាប្រព័ន្ធឌីជីថល នឹងជួយធ្វើឱ្យសារព័ត៌មានកាន់តែទំនើប លឿនរហ័ស និងទាន់សភាពការណ៍ ស្របតាមបរិបទសង្គមបច្ចុប្បន្ន។ នេះជាការថ្លែងបញ្ជាក់របស់លោកជំទាវនាយិកាព័ត៌មាន។

ក្នុងឱកាសនេះ ក្រុមសិស្សសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា ក៏បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្រលាញ់ពេញចិត្តចាប់យកអាជីពលើវិស័យសារព័ត៌មាន។ ក្នុងនោះក៏មានសំណួរជាច្រើនពីក្រុមសិស្សសាលា ហើយតំណាងក្រុមហ៊ុន CBS ក៏បានបង្ហាញនូវទីតាំងផ្សាយ និងរបៀបនៃការផលិតកម្មវិធីផ្សេងៗ ព្រមទាំងការផ្សព្វផ្សាយផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Cambodian Broadcasting Service ហៅកាត់ថា CBS ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៣ ដែលបច្ចុប្បន្ននេះ រួមមាន CTN, MyTV, CNC និង CBS Digital។ ក្រុមហ៊ុន CBS គឺជាក្រុមហ៊ុនដែលនាំមុខគេលើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង