×

ប្រយោគមួយបានធ្វើឱ្យ ប៉ិច ស្រីណុច ក្លាយជាម្ចាស់ពាន MasterChef Cambodia រដូវកាលទី២

កញ្ញា ប៉ិច ស្រីណុច គឺជាម្ចាស់ពាន MasterChef Cambodia រដូវកាលទី២ ដោយភាពជោគជ័យនេះ គឺកើតឡើងដោយសារតែពាក្យ “ចុងភៅធ្វើបានតែមនុស្សប្រុស” មុននឹងយកជ័យជម្នះកម្មវិធីប្រកួតប្រជែងដ៏ធំមួយនេះ។

ការចូលរួមប្រកួតកម្មវិធី MasterChef Cambodia រដូវកាលទី២របស់ ស្រីណុច ពុំមានមិត្តភក្តិលើកទឹកចិត្តឡើយ មានតែពាក្យបង្អាក់ទឹកចិត្ត។ នេះជាការថ្លែងរបស់ ស្រីណុច ក្នុងកម្មវិធីសំណេះសំណាល Women Empowerment ជាមួយនឹងវាគ្មិនល្បីៗ ចែករំលែកបទពិសោធ៍នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល កាលពីទី៨ ខែមីនា ឆ្នាំ២០២៤។

សម្រាប់ ប៉ិច ស្រីណុច នាងមិនបានយកចិត្តទុកដាក់ទៅលើពាក្យសម្ដីរបស់គេ ដើម្បីបង្អាក់ដំណើរឆ្ពោះទៅរកក្ដីស្រមៃរបស់នាងនោះទេ។ នាងបានបញ្ជាក់ដូច្នេះថា៖ “រហូតមកដល់ថ្ងៃមួយ គឺជាថ្ងៃនៃការចាប់ផ្តើមក្តីសុបិនរបស់ខ្ញុំ។ ខ្ញុំបានដាក់ពាក្យប្រកួតក្នុងកម្មវិធីធ្វើម្ហូប MasterChef Cambodia ហើយបានប្រាប់ទៅកាន់ក្រុមគ្រួសារ និងអ្នកស្គាល់គ្នាមួយចំនួន ហើយខ្ញុំក៏បានឮពាក្យមួយទៀតថា ចុងភៅធ្វើបានតែមនុស្សប្រុសទេ។ យើងជាមនុស្សស្រីធ្វើតែម្ហូបសម្រាប់គ្រួសារ និងប្តីទៅបានហើយ ហើយទៅប្រកួតធ្វើអី មនុស្សស្រីគេមិនឱ្យជាប់ទេ”។

ស្រីណុច បន្តថា៖ “សំខាន់ គឺខ្លួនយើងត្រូវនិយាយជាមួយចិត្ត និងខួរក្បាលផ្ទាល់ ថាតើការសម្រេចចិត្តធ្វើអ្វីមួយ ដែលយើងស្រលាញ់ ហើយជាក្តីស្រមៃរបស់យើង តើយើងត្រូវស្របតាមគំនិតរបស់អ្នកដទៃ ឬត្រូវស្របតាមគំនិត របស់ខ្លួនឯង។ ត្រូវមានម្ចាស់ការទៅលើជីវិតរបស់យើងដោយខ្លួនឯង កុំឱ្យពាក្យសម្ដីរបស់នរណាម្នាក់ដែលមានភាពអវិជ្ជមានជះឥទ្ធិពលមកលើជីវិតរបស់យើង ហើយយើងត្រូវតែធ្វើជាមនុស្សម្នាក់ដែលគេមិនអាចទាយបាន”។

ស្រីណុច ក៏បានឆ្លើតនឹងសំណួរពាក់ព័ន្ធនឹងពាក្យថា “ស្ត្រីវិលចង្ក្រានមិនជុំ”។ បើតាមស្រីណុច នេះគឺជាសុភាសិតមួយ ដែលគេលើកឡើងនៅក្នុងសង្គមបុរាណរបស់ខ្មែរ គឺការឱ្យតម្លៃទៅលើស្ត្រី មិនត្រូវបានគេលើកកម្ពស់ឱ្យស្មើនឹងបុរស ដោយការជាប់ជំពាក់ទៅលើផ្នត់គំនិតចាស់ ទំនៀមទម្លាប់ប្រពៃណី ធ្វើឱ្យគេគិតថា ស្ត្រីគ្រាន់តែជាទាសករផ្ទះសំបែង នៅផ្ទះមើលថែកូនចៅ និងកិច្ចការងារក្នុងផ្ទះជាច្រើនទៀត។ ទស្សនៈមួយនេះ គឺជាទស្សនៈ ក្នុងទិសដៅបំបិទសិទ្ធិសេរីភាពរបស់ស្ត្រី ដោយគិតថាស្ត្រី មិនអាចសម្រេចកិច្ចការធំបានដូចបុរស គិតថា ស្ត្រីគឺជាភេទដែលទន់ខ្សោយ។

ស្រីណុច ថ្លែងថា៖ “ដោយឡែក សូម្បីតែរូបនាងខ្ញុំផ្ទាល់ក៏ធ្លាប់ទទួលបានពាក្យទាំងនេះពីមុនមកដែរ ថាជាកូនស្រីមិនចាំបាច់តែរៀនខ្ពស់ពេកក៏បាន។ នេះជាពាក្យដែលខ្ញុំទទួលបានកាលពីខ្ញុំនៅវ័យកុមារ”។

ជាទូទៅការចាប់ផ្តើម គឺមិនងាយស្រួលនោះទេ ក៏ប៉ុន្តែប្រសិនបើគ្មានការចាប់ផ្តើមក៏គ្មានការបញ្ចប់ដូចគ្នា ដោយសារតែការតាំងចិត្ត និងការប្តេជ្ញាចិត្តមិនរុញរា និងការខិតខំដុសខាត់សមត្ថភាព និងតស៊ូក្រាញននៀល ជាមួយការពង្រឹងផ្លូវចិត្តនិងស្មារតី នៅក្នុងការប្រកួត គឺធ្វើឱ្យនាងបានសម្រេច នៅក្ដីសុបិនរបស់ខ្លួន ក្លាយជាម្ចាស់ពានរង្វាន់ MasterChef Cambodia រដូវកាលទី២។ នេះគឺជាសក្ខីភាពមួយ ដែលបញ្ជាក់ថា មនុស្សស្រីមិនមែនចេះតែធ្វើម្ហូបនៅផ្ទះ វិលចង្ក្រានមិនជុំនោះទេ ក៏ប៉ុន្តែមនុស្សស្រី ក៏អាចសម្រេចក្តីស្រមៃរបស់ខ្លួនឯង ក្លាយទៅជាចុងភៅនៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក និងក្លាយទៅជាម្ចាស់អាជីវកម្មនៅក្នុងភោជនីយដ្ឋានមួយផងដែរ។

សូមបញ្ជាក់ថា MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា IZE និង EXPREZ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង