
ភ្នំពេញ៖ ថ្មីៗនេះ បវរកញ្ញាវ័យក្មេង ហ្រេ្វតឌ្រិកសន អេរីកាស្កាយ បានដណ្តើមមុខមាត់ឱ្យកម្ពុជាដោយនាងបានក្លាយជាម្ចាស់មកុដ Miss Pre Teen Global 2024 ដែលទើបតែបញ្ចប់ការប្រកួតនៅប្រទេសម៉ាឡេស៊ី។ ក្មេងស្រីដែលមានវ័យទើប ១៣ឆ្នាំ កម្ពស់ ១.៦៥ម៉ែត្ររូបនេះមានទាំងចំណេះដឹង អត្តចរិត និងរូបសម្រស់ទាំងព្រម ជាហេតុធ្វើឱ្យនាងអាចដណ្តើមបានមកុដ Miss Pre Teen Global 2024 ក្នុងចំណោមបវរកញ្ញាវ័យក្មេងជាច្រើនទៀតមកពីបណ្តាប្រទេសផ្សេងៗគ្នា។

អេរីកាស្កាយ ធ្លាប់បានចូលរួមប្រកួត Miss Preteen Cambodia 2023 ដោយនាងទទួលបានមកុដជាបវរកញ្ញាលំដាប់រងទី១ ខណៈ ជូរី ល្អហួស ជាម្ចាស់ជ័យលាភី។ ក្រៅពីជាប់លំដាប់រងពីការប្រកួត Miss Preteen Cambodia 2023 ហើយនោះ ក្រលេកទៅមើលពីការប្រកួត Miss Pre-Teen Global Cambodia 2024 វិញ ក្មេងស្រីរូបនេះអាចដណ្តើមបានមកុដពីកម្មវិធីរហូតមានឱកាសទៅប្រកួតបន្តនៅលើឆាកអន្តរជាតិ និងអាចដណ្តើមបានម្កុដជ័យលាភីជាស្ថាពរ។

រូបសម្រស់ស្រស់ស្អាតទាក់ទាញនេះ អេរីកាស្កាយ គឺជាកូនកាត់ ៣សាសន៍ដែលមានឈាមជ័រជា ខ្មែរ អាមេរិក និងម៉ិកស៊ិក។ សមិទ្ធផលនៃការប្រកួតកន្លងមកបានធ្វើឱ្យមហាជនចាត់ទុកនាងគឺជាគ្រាប់ពេជ្ររបស់កម្ពុជាដែលគ្រប់គ្នារំពឹងថា នាងនឹងអាចដណ្តើមបានមកុដក្នុងកម្មវិធីបវរកញ្ញាធំៗនាពេលអនាគតនៅពេលដែលមានគ្រប់អាយុនឹងចូលប្រកួតផងដែរ៕
