
កែប៖ ពាក់ព័ន្ធសំណង់សាងសង់សួនច្បារ និងរូបសំណាក មច្ឆានុ របស់រដ្ឋបាលខេត្ត ពេលនេះ បានអនុវត្តគម្រោងក្នុងដំណាក់កាលទី២ហើយ ក្នុងនោះសម្រេចបានក្នុងលទ្ធផលប្រមាណ ៩០%។ គម្រោងនេះនឹងបន្តជំហានទី៣ នាឆ្នាំបន្ទាប់ទៀត។ នេះបើតាម លោក ប៊ុន យ៉ូង អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកែប។
លោកបញ្ជាក់ថា នេះជាគម្រោងរបស់រដ្ឋបាលខេត្តកែប ហើយគម្រោងនេះនឹងបញ្ចប់ អាស្រ័យទៅលើថវិកាដែលបានទទួលពីថ្នាក់ជាតិ។

លោកបន្តថា គម្រោងសាងសង់រូបសំណាក់នេះ ជាគោលដៅទេសចរណ៍ថ្មីមួយ ដែលអាចនឹងទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់នេះកាន់តែច្រើន និងដើម្បីពង្រីកសក្តានុពលទេសចរណ៍តំបន់ឆ្នេរ ជាពិសេសតាមបណ្តោយមាត់សមុទ្រនៃតំបន់ឆ្នេរអង្កោល។
រូបសំណាកខាងលើ សាងសង់នៅចំណុចស្រែយុល ស្ថិតនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ជាប់បណ្តោយផ្លូវប្របមាត់សមុទ្រជាប្រវត្តិសាស្រ្តមិនធ្លាប់មានពីមុនមក នៅមិនឆ្ងាយប៉ុន្មានពីឆ្នេរអង្កោល។
គួរបញ្ជាក់ផងដែរថា បើតាមផែនការ ការសាងសង់រូបសំណាក់នាងមច្ឆានុនេះ ធ្វើឡើងក្នុង៣ដំណាក់កាល នឹងប្រើរយៈពេល ៣ឆ្នាំ ដោយពេលនេះ កំពុងសាងសង់ផ្ទៃខាងក្រោម។ រូបសំណាក់នេះ សាងសង់ចូលក្នុងផ្ទៃសមុទ្រប្រវែង ១៥០ម៉ែត្រ ដោយគិតទាំងផ្លូវចូល និងទីធ្លារូបសំណាក់។ ដោយឡែកសម្រាប់រូបសំណាកវិញគឺសាងសង់ក្នុងកម្ពស់រហូតជាង ៤ម៉ែត្រឯណោះ៕
អត្ថបទ៖ CNC/ង៉ុង សាន់
